(ហ្សឺណែវ)៖ ប្រជាជនយ៉ាងហោចណាស់ ៩២% ឬ ០៩ក្នុងចំណោម១០នាក់ នៅទូទំាងពិភពលោក កំពុងរស់នៅ និងដកដង្ហើមនៅក្នុងទីន្លែងដែលគុណភាពខ្យល់ មិនសមស្របតាមបទដ្ឋាន កំណត់របស់ អង្គការសុខភាពពិភពលោក WHO។ នេះបើយោងតាមរបាយការណ៍អង្គការ WHO ចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ នាយកនៃនាយកដ្ឋានសុខាភិបាលសាធារណៈ របស់អង្គការ WHO លោកស្រី វេជ្ជបណ្ឌិត Maria Neira បានថ្លែងថា «ការធ្វើសកម្មភាពនានា ប្រឈមមុខនឹងការបំពុលខ្យល់អាកាស ពិតជារឿងបន្ទាន់និង ចំាបាច់ណាស់ ហើយដំណោះស្រាយសំខាន់ដែលត្រូវធ្វើមុនគេគឺ ការគ្រប់គ្រង ឱ្យមានប្រសិទ្ធិភាពនូវប្រព័ន្ធដឹកជញ្ជូន កាកសំណល់រឹង ក៏ដូចជាការប្រើប្រាស់ ចំហេះឥន្ធនៈស្អាត និង ថាមពលកកើតឡើងវិញ រួមទំាងការកាត់បន្ថយការបញេ្ចញឧស្ម័នពុល ពីរោងចក្រ»។
របាយការណ៍អង្គការ WHO ធ្វើឡើងក្រោមកិច្ចសហការណ៍ ជាមួយនឹងសាកលវិទ្យាល័យ Bath នៅក្នុង ចក្រភពអង់គ្លេស បានផ្ដោតសំខាន់លើទិន្នន័យប្រមូលបានពីតំបន់ជាង ៣,០០០ កន្លែង ជាពិសេសគឺ ទីក្រុងនៅទូទំាងពិភពលោក ខណៈមនុស្សយ៉ាងហោចណាស់ ៩២% ត្រូវបានគេ ប៉ាន់ប្រមាណថា កំពុងរស់នៅនិង ដកដង្ហើមនៅក្នុងទីន្លែង ដែលគុណភាពខ្យល់មិនសមស្រប ទៅតាមបទដ្ឋានកំណត់ពោល គឺសំដៅទៅលើភាគល្អិតនៅក្នុងខ្យល់ត្រូវកំណត់ឱ្យនៅក្រោម អង្កត់ផ្ចិត ២,៥ មីក្រុង ឬ PM ២,៥។ ចំណែកឯកម្រិតភាគល្អិតនៅក្នុងខ្យល់ប្រចំាឆ្នាំជាមធ្យម ១០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃ PM ២,៥ ទើបត្រូវបានចាត់ទុកថាជាមានកម្រិតទាប។
គួរបញ្ជាក់ថា ភាគល្អិតនៅក្នុងខ្យល់ PM ២,៥ គឺសម្បូរទៅដោយសារធាតុពុល កាបូនខ្មៅ ឧស្ម័នស៊ុលផួរ និង នីត្រាត ជាដើម ដែលពពួកឧស្ម័នទំាងនេះ បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងប្រព័ន្ធ សរសៃឈាមបេះដូង។ តួយ៉ាងបើតាមការប៉ាន់ប្រមាណរបស់អង្គការ WHO កាលពីឆ្នាំ២០១២ មានមនុស្សជាង ៦,៥ លាននាក់ ស្នើចំនួន ១១,៦% នៃមនុស្សដែលបានស្លាប់ ទាំងអស់នៅទូទំាង ពិភពលោក បានស្លាប់បាត់បង់ជីវិត ពាក់ព័ន្ធនឹងការបំពុល ខ្យល់អាកាស ដែលបង្កឡើងដោយ ការបញ្ចេញឧស្ម័នកាបូនិច ឬ ឧស្ម័នពុលផ្សេងពីយានយន្ដ និងពីបណ្ដារោងចក្រ ឧស្សាហកម្មនានា៕