(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានឱ្យដឹងថា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មន្ត្រីអធិការកិច្ចបរធនបាលកិច្ចរបស់ ន.ប.ធ. ចំនួន៨រូប ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ស្របតាមប្រកាសអន្តរក្រសួងលេខ ១១៣ កយ.អសហ.ប្រក/២៣ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានចូលធ្វើពិធីសម្បថនៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ស្របតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

​​ន​គរបាលយុត្តិធម៌នៃ ន.ប.ធ. មានសិទ្ធិអំណាច ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពីបរធនបាលកិច្ច ប្រកាសស្តីពីការបែបបទ និងនីតិវិធីនៃធ្វើអធិការកិច្ចបរធនបាលកិច្ច, ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ចំពោះករណីសង្ស័យប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចជាអាទិ៍ ការប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ពី ន.ប.ធ. ជាដើម៕