(ភ្នំពេញ)៖ ជាមួយនឹងការបង្ហាញរូបភាពកូនប្រុសស្រីទាំង៥រូប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនូវគតិអប់រំដ៏មានតម្លៃសម្រាប់អាណាព្យាបាលគ្រប់រូប។ សម្តេចតេជោ បានគូសរំលេចថា ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនចេះកែច្នៃវា និងប្រើប្រាស់វាឱ្យមានប្រយោជន៍។ ផ្ទុយទៅវិញ មាសឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនមិនចេះកែច្នៃ ឬយកវាទៅទុកចោល។
ក្នុងសារអមដោយរូបភាពកូនប្រុសស្រីទាំង៥រូប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកូនទាំង៥រូប ជាគ្រាប់ពេជ្រ៥គ្រាប់ដែលសម្តេច និងសម្តេចកិត្តិបានកែច្នៃដោយផ្ទាល់ដៃ។
បើតាមការរំលឹកពីកូន បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាឪពុកមួយរូបដែលម៉ឺងម៉ាត់បំផុត ហើយមិនទំយើកូនៗនោះឡើយ បើទោះបីសម្តេចជាមេដឹកនាំជាតិក្តី។
សារជាគតិអប់រំបង្ហោះលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះមាន ឬក្រត្រូវខិតខំឱ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៌គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោល គឺឱ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។
សម្តេចតេជោ បន្តថា បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ ដែលអាងលអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕