(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកស្រី Choi Jiyoung។
ពិធីនេះដោយមានការចូលរួមផងដែរពីតំណាងធនាគារនីហរ័ណអាហរ័ណកូរ៉េ (Korea Eximbank) ថ្នាក់ដឹកនាំទទួលបន្ទុកការងារគម្រោងពាក់ព័ន្ធ លោក-លោកស្រីពីអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានការសាងសង់ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ការដឹកជញ្ជូនផ្លូវទឹក កំពង់ផែ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស តាមរយៈការចូលរួមគាំទ្រពីភាគីកូរ៉េ។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការតភា្ជប់ផ្លូវ-ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព និងភាពប្រកួតប្រជែង និងបានជម្រាបជូនគណៈប្រតិភូពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗ មួយចំនួន ដែលក្នុងនោះរួមមានការចូលរួមចំណែករបស់ភាគីកូរ៉េផងដែរ។
លោកស្រីក៏បានស្នើទៅកាន់ភាគីកូរ៉េឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសសូមជួយគាំទ្រ និងកៀរគរការវិនិយោគលើគម្រោង ដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា និងបញ្ជីគម្រោងអាទិភាព៥ឆ្នាំរំកិល ដែលបានស្នើទៅកាន់ភាគីកូរ៉េ សំដៅដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាលទ្ធផល ភាគីកូរ៉េបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើការអនុវត្តការងារកន្លងមក និងបច្ចុប្បន្ន ហើយនឹងពិចារណាផ្តល់ការគាំទ្រលើសំណើដែលបានលើកឡើង ដោយក្នុងនោះភាគីកូរ៉េក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ៕