(ភ្នំពេញ)៖ សភាតំបន់អាស៊ីហៅកាត់ថា (APA) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេច ចំនួន១០ ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូល APA នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាចុងឆ្នាំ២០១៦នេះ។
សេចក្តីព្រាងសេចក្តីសម្រេចចំនួន១០នោះ មានសេចក្តីព្រាងចំនួន៤ ជារបស់គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកវិស័យនយោបាយ និងសេចក្តីព្រាងចំនួន៦ របស់គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកវិស័យសេដ្ឋកិច្ច។ សមាជិកសភា នៃសភាតំបន់អាស៊ីចំនួន២១ ប្រទេស បានធ្វើការផ្លាស់ប្តូរទស្សនៈ យោបល់គ្នាយ៉ាងផុលផុសក្នុងការចូលរួមបង្កើតបទដ្ឋានគតិយុត្តិ ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍន៍រួមគ្នា នៅក្នុងតំបន់នេះ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតសភា តំបន់អាស៊ីលើកទី៩ រួមនឹងសមាជិកសមាជិការជាច្រើនរូបទៀត ។
សេចក្តីព្រាងសេចក្តីសម្រេចចំនួន៤ របស់គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកវិស័យនយោបាយរួមមាន មានសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកសាងវិបុលភាពនៅក្នុងតំបន់អាស៊ី តាមរយៈមិត្តភាព និង កិច្ចសហប្រតិបត្តិការ, សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីសភា និងរដ្ឋាភិបាលតំបន់អាស៊ីរួមគា្ន, សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការរួមគ្នាប្រឆាំងនឹងអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម និងសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការអភិវឌ្ឍន៍នយោបាយសំខាន់ៗក្នុងតំបន់អាស៊ី។
ចំណែកសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកវិស័យសេដ្ឋកិច្ច ចំនួន៦ រួមមាន សេចក្តីព្រាងសេចក្តី សម្រេចស្តីពីសមាហរណកម្មទីផ្សារថាមពលអាស៊ី, សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការលុបបំបាត់ភាពក្រីក្រតំបន់អាស៊ី, សេចក្តីព្រាង សេចក្តីសម្រេចស្តីពីតួនាទីរបស់សភាសមាជិកAPA ក្នុងការអនុម័តច្បាប់ និងគំាទ្រគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាព,សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីទឹកនិងការថែរក្សាអនាម័យសម្រាប់ពលរដ្ឋតំបន់អាស៊ី, សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចការហិរញ្ញវត្ថុ: ធានាឲ្យបាននូវកិច្ចខិតខំ ប្រឹងប្រែងដើម្បីកំណើនសេដ្ឋកិច្ច, និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបញ្ហាបរិស្ថាន។
គួរបញ្ជាក់ថា APA គឺបានប្រមូលផ្តុំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសក្នុងតំបន់អាស៊ីធំមួយ ដែលរហូតមកដល់ពេលនេះមានសមាជិកចំនួន ៤២ប្រទេស។ បញ្ហាដែលបានលើកឡើងនៅ ក្នុងសេចក្តីព្រាង សេចក្តីសម្រេច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់ អាស៊ីនៅពេលនេះ គឺជាបញ្ហារួមនៅក្នុងតំបន់ក៏ដូចជាពិភពលោក ដែលគេមើលឃើញថាស្ថាប័នសភា មានតួនាទីយ៉ាងសំខាន់ក្នុង ចូលរួមដោះស្រាយបញ្ហាក្នុង ក្របខណ្ឌផ្ទៃក្នុងប្រទេសរបស់ខ្លួន និងក្របខណ្ឌអន្តរជាតិ។
សមាជិកសភាតំបន់អាស៊ីចំនួន២១ប្រទេសបានកំពុងជួបជុំគ្នា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកញ្ញា នៅរាជធានីភ្នំពេញដើម្បីប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និង ការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ របស់ខ្លួន។ រាល់សេចក្តីព្រាងសេចក្តីសម្រេចទំាងអស់ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំនេះ នឹងលើកយកទៅប្រជុំពិនិត្យ នៅក្នុងមហាសន្និបាត លើកទី៩ របស់APA នៅខេត្តសៀមរាប នាចុងឆ្នាំ២០១៦នេះ៕