(ព្រះសីហនុ)៖ ក្រោយទទួលដំណឹងថាបងប្អូនកម្មករកម្មការិនីរោងចក្រជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ស្រាល២៥នាក់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
អមជាមួយការចុះសួរសុខទុក្ខ, អភិបាលខេត្តបាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់អ្នករងរបួសស្រាលក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល និងរបួសធ្ងន់ក្នុងម្នាក់ៗ២០ម៉ឺនរៀល។
ក្រោយជួបជាមួយអ្នករងគ្រោះនៅមន្ទីរពេទ្យលោក ម៉ាង ស៊ីណេត ក៏បន្តអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មកររោងចក្រចំនួន២នាក់ទៀត ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ ព្រមទាំងបាននាំយកថវិកា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារសពក្នុងមួយគ្រួសារចំនួន ១លានរៀលផងដែរ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥៖២៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រវាងរថយន្តដឹកទំនិញ បុកជាមួយហ្នឹងរថយន្តដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង នៅត្រង់ចំណុចគីឡូម៉ែត្រ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕