(ព្រៃវែង)៖ មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់លាវ បានចុះត្រួតពិនិត្យស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង បានរឹបអូសវត្ថុតាងបទល្មើសជលផលបានមួយចំនួន។

មន្ត្រីជលផលខេត្តព្រៃវែង បានឲ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ និងសហគមន៍នេសាទកន្ទិលសែនជ័យ ចុះត្រួតពិនិត្យស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើជលផលនៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង អនុវត្តបានចំនួន២ករណី ពីបទនេសាទដោយឧបករណ៍ឆក់ត្រី និងដឹកជញ្ជូនផលជលផលដែលបានមកពីការនេសាទដោយឧបករណ៍ខុសច្បាប់។

មន្ត្រីជលផលបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើសជលផលនេះ មន្ត្រីជលផលបានរឹបអូសវត្ថុតាងទុកជាបណ្ដោះអាសន្ន រួមមាន៖ ទូកជរ័ស្មាច់ចំនួន២គ្រឿង (ទី១. ទំហំ៧,២០ម៉ែត្រគុណ០,៨០ម៉ែត្រគុណ០,៥០ម៉ែត្រ និងទី២.ទំហំ៧,២០ម៉ែត្រគុណ០,៨០ម៉ែត្រគុណ០,៥០ម៉ែត្រ) ម៉ាស៊ីនចំនួន២គឿង (ទី១. ម៉ាកហ៊ីណូតាកម្លាំង១៨សេះ ពណ៌ទឹកក្រូច ទី២.ម៉ាកហ៊ីណូតាកម្លាំង៦,៥ សេះ ពណ៌ទឹកក្រូច) អាគុយ៤០ អំពែរ០១គ្រឿង ដុំអាំងវែទ័រចំនួន១គ្រឿង ដងឆក់រួមផ្សំខ្សែភ្លើងចំនួន២ដើម ខ្សែភ្លើងប្រវែង៦ ម៉ែត្រ លែងត្រីចម្រុះចូលទៅក្នុងព្រែកធម្មជាតិវិញទម្ងន់២៥៤ គីឡូក្រាម។

ជាមួយគ្នានេះ មន្ត្រីជលផលខេត្តព្រៃវែង បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចំពោះការនេសាទគ្រប់ប្រភេទត្រូវធ្វើឡើងទៅតាមច្បាប់ស្ដីពីជលផល ដោយកុំប្រើឧបករណ៍នេសាទ និងការនេសាទទាំងឡាយណាដែលច្បាប់បានហាមឃាត់ ហើយពលរដ្ឋដែលនៅមានសេសសល់ឧបករណ៍ឆក់ត្រីត្រូវប្រញាប់យកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ព្រោះការរក្សាទុកឧបករណ៍ទាំងនេះ គឺជាអំពើខុសច្បាប់៕