(កំពង់ធំ)៖ អាជ្ញាធរស្រុកសណ្តាន់ និងប្រជាពលរដ្ឋ សូមគាំទ្រសមិទ្ធផលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលដឹកនាំរដ្ឋាភិបាលរយៈពេល១ឆ្នាំ។
លោក ស៊ិន វណ្ណវុធ្ឍ អភិបាលស្រុកសណ្តាន់ និងប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថា រយៈពេល១ឆ្នាំក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្តេចបានដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាំមកនូវការរីកចម្រើនលើគ្រប់វិស័យសម្រាប់ប្រទេសជាតិដូចជា ទំនាក់ទំនងអន្តរជាតិ វិស័យការទូតកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសលើពិភពលោក សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ភូមិឃុំមានសុវត្ថិភាព ពិសេសគឺសុខសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកបន្តថា សម្ដេចបានអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវលំខ្វាត់ខ្វែង ប្រព័ន្ធធារារាស្រ្តទំនប់ទឹកដងកាំបិត ដែលផ្គត់ផ្គង់ដល់វិស័យកសិកម្មយ៉ាងសំខាន់ និងការទប់ស្កាត់គ្រោះទឹកជំនន់បានមួយផ្នែកធំទៀតផង។
ក្នុងនាមរដ្ឋបាលស្រុកសណ្តាន់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ បានជួយសម្រួលការដឹកជញ្ជូនការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ព្រមទាំងជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា។
ក្នុងនាមរដ្ឋបាលស្រុកសណ្ដាន់ សូមគាំទ្រការកសាងផ្លូវក្រវ៉ាត់ព្រំដែន និងគាំទ្រមូលនិធិក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ព្រំដែនដែលបានជំរុញធ្វើឲ្យមានកម្លាំងសាមគ្គី កាន់តែរឹងមាំ។ ចំណែកឯប្រជាពលរដ្ឋនៅស្រុកសណ្តាន់ បានលើកឡើងស្រដៀងគ្នាថា រាជរដ្ឋាភិបាលថ្មីបានកសាងសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិក្នុងរយៈពេលមួយឆ្នាំនេះ ពិសេសគម្រោងព្រែកជីកហ្វូណនតេជោដែលជួយបង្កើនការងារដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕