(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើទទូចដល់ក្រុមប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ត្រូវចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍ ខណៈដែលបច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ ៧៦,០០០នាក់ ហើយអ្នកកំពុងមកទទួលសេវាព្យាបាលមានប្រមាណ ៦៨,០០០នាក់។ ដូច្នេះយើងនៅខ្វះអ្នកផ្ទុកប្រមាណ ៨,០០០នាក់ ដែលមិនទាន់ចូលក្នុងប្រព័ន្ធ និងមកធ្វើតេស្ត។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯកជន។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី គឺក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមប្រជាជនគន្លឹះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ខណៈដែលកិច្ចប្រជុំនេះមានការចូលរួម ពីតំណាងប្រជាជនគន្លឹះដែលរួមមានអ្នកផ្ទុកមេរោគអេដស៍ ក្រុមបុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកប្រើប្រាស់សារធាតុញៀន និងអ្នកធ្វើការនៅកន្លែងកម្សាន្តសប្បាយ តំណាងអង្គការស៊ីវិលដែលធ្វើការងារអេដស៍ (HACC, RHAC, CWPD, KHANA, CPN+, AUA, ឈូកស បណ្តាញចតុមុខ) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យក្រុមប្រជាជនគន្លឹះចងក្រងគ្នា ហើយនាំអ្នកដែលមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍មកធ្វើតេស្ត។ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ប្រជាជនគន្លឹះមានតួនាទីសំខាន់។ ក្នុងនោះយើងត្រូវគាំទ្រ និងជំរុញតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាងសហគមន៍ងាយរងគ្រោះ ឱ្យចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងយន្តការពាក់ព័ន្ធនឹងការឆ្លើយតបនឹងមេរោគអេដស៍ នៅគ្រប់លំដាប់ថ្នាក់។
ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងថា កម្ពុជាយើងមានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦%។ ក្នុងនោះគោលដៅ ៩៥-៩៥-៩៥ កម្ពុជាយើងបានជោគជ័យលើគោលដៅ៩៥ទី២ និងទី៣រួចហើយ (បាន៩៨%) នៅតែគោលដៅ៩៥ទី១ ដែលយើងនៅខ្វះ គឺបានតែ ៨៩%។ ដូច្នេះហើយបានជាយើងរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាគ្នាឱ្យបងប្អូនប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។
លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ក្នុងនោះការព្យាបាលជំងឺអេដស៍ គឺធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន ៥លានដុល្លារក្នុងមួយឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ។
នៅក្នុងដំណើរការនៃកិច្ចប្រជុំមានបទបង្ហាញ ស្តីពីការចូលរួមការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍របស់ក្រុមប្រជាជនគន្លឹះ ដោយតំណាងគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (RHAC)។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការចុះទៅជួបប្រជាជនគន្លឹះមិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុងការធ្វើការងារអេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើងត្រូវរៀនសូត្រពីសកម្មជន និងប្រជាជនគន្លឹះដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និងមានវិធីសាស្រ្តក្នុងទំនាក់ទំនង។ បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ នៅក្នុងកិច្ចពិភាក្សាទៅតំណាងអង្គការ និងប្រជាជនគន្លឹះថា តើ HACC និង RHAC អាចពង្រីកទៅខេត្តផ្សេងក្រៅពីខេត្ត ដែលកំពុងគ្របដណ្តប់ទាំង១២ និង១៣ខេត្តដែរឬទេ? តើនៅក្នុងខេត្តទាំងនោះបានចូលរួមក្នុងគណៈកម្មាធិការអេដស៍ដែរឬទេ? តើប្រជាជនគន្លឹះដែលចូលក្នុងប្រព័ន្ធ អាចទាក់ទាញអ្នកនៅក្រៅប្រព័ន្ធចូលបានដែរឬទេ? និងតើមានអ្វីខ្លះចង់ឱ្យអាជ្ញាធរដឹងឮ?
ជាការឆ្លើយតបតំណាងអង្គការបានបញ្ជាក់ថា អាចពង្រីកការគ្របបណ្តប់ដល់១៥ខេត្ត។ ចំពោះការចូលរួមជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ គឺបានចូលរួមក្នុងខេត្តមួយចំនួន។ ឯការទាក់ទាញអ្នកក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ នៅមានកម្រិត គឺដោយសារប្រជាជនគន្លឹះនៅមានការខ្មាស់អៀន។ ក្នុងនោះបញ្ហាប្រឈម និងសំណូមពរដែលតំណាងប្រជាជនគន្លឹះលើកឡើងរួមមាន៖
*ទី១- នារីបម្រើសេវាកម្សាន្តសប្បាយដែលមិនបានទទួលសេវាអប់រំ ខ្វះការយល់ដឹង មានការមាក់ងាយរើសអើងខ្លួនឯង អៀនខ្មាស់ លាក់មុខ។ ដូច្នេះស្នើឱ្យមានការការអប់រំ និងចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍នៅតាមសហគមន៍។
*ទី២- ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកបំប្លែងភេទចង់បានសេវាសុខភាពផ្លូវចិត្ត ការព្យាបាលជំងឺសេមាន់ដោយមិនគិតថ្លៃ។
*ទី៣- ក្រុមយុវជនវ័យក្មេង ស្នើឱ្យមានការផ្សព្វផ្សាយនៅតាមសាលារៀន តាមរោងកុន និងទបស្កាត់ការលក់ដូរសារធាតុញៀន។
*ទី៤- តំណាងអ្នកផ្ទុកមេរោគអេដស៍បានបញ្ជាក់ថា កន្លែងផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍ បានផ្តល់សេវាល្អប្រសើរហើយ ប៉ុន្តែស្នើឱ្យពិនិត្យការគ្របដណ្តប់ក្នុងផ្តល់សេវាសុខាភិបាល ចំពោះអ្នកដែលមានបណ្ណ ម.ស.ស ព្រមទាំងយកចិត្តទុក ដាក់ចំពោះអ្នកផ្ទុកមេរោគដែលជាប់ក្នុងពន្ធនាគារផងដែរ។
*ទី៥- តំណាងអង្គការសង្គមស៊ីវិលស្នើសុំឱ្យការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មាននូវ ការអប់រំ ការបង្ការ សេវាសុខភាព និងសេដ្ឋកិច្ច។
បន្ទាប់ពីការឆ្លើយតប និងពន្យល់បញ្ជាក់ពីលោក អ៊ឹង ភីរុន រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍នៅមានកង្វះខាតដែលត្រូវធ្វើការកែលម្អ។ លោកបានណែនាំថា នៅពេលប្រជុំក្រុមប្រឹក្សាបច្ចេកទេស ត្រូវមានវេទិកាមួយសម្រាប់ប្រជាជនគន្លឹះលើកឡើងពីបញ្ហា ដើម្បីចូលរួមជួយដោះ បើដោះមិនបានត្រូវលើកសំណើមកថ្នាក់លើ។ បន្ថែមលើនេះ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជនគន្លឹះត្រូវត្រៀមខ្លួនចូលរួមប្រជុំអន្តរក្រសួង ដោយបង្ហាញថាសេវារបស់បងប្អូនសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តាប់ ព្រមទាំងជួយរកមធ្យោបាយហិរញ្ញវត្ថុគាំទ្រ។ ចំណែកឯកិច្ចប្រជុំអន្តរក្រសួងមួយទៀតនឹងត្រូវរៀបចំឡើង ដើម្បីពិនិត្យនីតិវិធីនៃការប្រើប្រាស់បណ្ណបសស មសស របស់ប្រជាជនគន្លឹះ៕