(ភ្នំពេញ)៖ អ្នកស្រី យឹម ផល្លី ចៅសង្កាត់រងទី២ សង្កាត់គោកចក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចេញវិដេអូបំភ្លឺថា ការប្តឹងបុគ្គល ចំនួន ៤រូប គឺជារឿងបុគ្គលនិងបុគ្គល ពោលគឺជារឿងរវាងអ្នកស្រី និងបុគ្គល ៤រូបនោះ ខុសពីសេចក្តីថ្លែងការណ៍ របស់គណបក្សកម្លាំងជាតិ។
ការបំភ្លឺរបស់អ្នកស្រី យឹម ផល្លី បានធ្វើឡើងបន្ទាប់ពី គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះការចាប់ខ្លួន លោក អាំង សុផារិទ្ធ ចៅសង្កាត់រង សង្កាត់ទឹកវិល លោក នង ធារ៉ា ចៅសង្កាត់រង សង្កាត់សាលាកំរើក លោក ព្រហ្ម សូព្រឹក្ស ក្រុមប្រឹក្សាសង្កាត់ជ្រាវ និង លោក វ៉ា ឃឹម សកម្មជនគណបក្សភ្លើងទៀន ស្រុកប្រាសាទបាគង នៅខេត្តសៀមរាប ដោយអាជ្ញាធរនាពេលថ្មីៗនេះ។
គណបក្សកម្លាំងជាតិ បែរជាចាត់ទុកការចាប់ខ្លួននេះ គឺជាការធ្វើទុក្ខបុកម្នេញ និងជាចំណាត់ការដ៏ពិសពុលរបស់មេដឹកនាំគណបក្សភ្លើងទៀន មកលើសហការីខ្លួនឯង ដែលហ៊ានលះបង់យ៉ាងធំធេង ចំពោះ បុព្វហេតុប្រជាធិបតេយ្យ។
បើតាមអ្នកស្រី យឹម ផល្លី បានពន្យល់ថា អ្នកស្រីបានប្តឹងឈ្មោះ វ៉ា ឃឹម ដោយសារ លោកបានគំរាមដុតផ្ទះអ្នកស្រី និងដុតទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តសៀមរាប តាមមាត្រា២៣១ បទគំរាមកំហែង និងមាត្រា២៣៣ បទគំរាមកំហែងថានឹងសម្លាប់ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ អ្នកស្រី យឹម ផល្លី ក៏បានប្តឹង លោក អាំង សុផារិទ្ធ លោក នង ធារ៉ា និង លោក ព្រហ្ម សុព្រឹក្ស ពីបទ គំរាមកំហែង, គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ, រំលោភលើលំនៅឋាន និងប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ស្របតាមមាត្រា ២៣១, ២៣២, ២៩៩ និងមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។
អ្នកស្រី យឹម ផល្លី បានសង្ឃឹមថា គណបក្សកម្លាំងជាតិ ក្រោយពីបានស្តាប់អ្នកស្រីបកស្រាយនេះហើយ នឹងកែសម្រួលនូវសេចក្តីថ្លែងការណ៍របស់ខ្លួនឲ្យឆ្លុះបញ្ចាំការណ៍ពិតវិញ៕