(ភ្នំពេញ)៖ លោក ឃី រតនៈ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធម្មការនិងសាសនា ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីចូលរួមចំណែកក្នុងការកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

លោកបានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពតំណាងរបស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងធម្មការនិងសាសនា ដែលមានការចូលរួមដោយមន្រ្តីជំនាញក្រសួងធម្មការនិងសាសនា មន្ត្រីតំណាងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីរាជការមន្ទីររាជធានី-ខេត្ត ក្រោមឱវាទក្រសួងធម្មការនិងសាសនា ចំនួន១១៥នាក់ នៅខេត្តសៀមរាបថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាស ដាក់ឱ្យអនុវត្តចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤ និងបានក្លាយជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀត របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ហើយនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងចូលរួមចំណែកក្នុងការកសាង និងពង្រឹងស្ថាបនូបនីយកម្ម រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយគ្នានឹងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សំដៅកសាងមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។

លោកបានគូសបញ្ជាក់ថា ការរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងធម្មការនិងសាសនា ផ្តោតលើអភិក្រមគន្លឹះចំនួន២៖ (១) ការសម្រួច សម្រិតសម្រាំងគោលការណ៍រួមគន្លឹះៗតាមរយៈការចងក្រងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ដើម្បីចង្អុលបង្ហាញអង្គភាពរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត វិធាន យន្តការ និងនីតិវិធីរួម សំដៅធានាសង្គតិភាព (២) ការសិក្សា វិភាគ សម្រួល កែលម្អឱ្យមាន «ជាតម្លៃបន្ថែម» និងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលខ្វះចន្លោះ ទាំងក្នុងលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង សម្រាប់ទិសដៅការងារកែទម្រង់ខាងមុខ និងក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។

លោក រស់ វណ្ណី បានជម្រាបជូនគណៈអធិបតី ថា គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីប្រមូលធាតុចូលឲ្យបានទូលំទូលាយ គ្រប់ជ្រុងជ្រោយនិងមានសង្គតិភាព សំដៅបាននូវភាពគ្រប់ដណ្តប់លើវិសាលភាពនៃវដ្តថវិកាទាំងមូល ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្អែកជាចម្បងលើច្បាប់ស្តីពី ប្រព័ន្ធហរិញ្ញវត្ថុសាធារណៈថ្មីឆ្នាំ២០២៤ ព្រមទាំងច្បាប់អនុក្រឹត្យដោយឡែកពាក់ព័ន្ធផ្សេងៗទៀត ដែលទើបនឹងអនុម័តនាពេលថ្មីៗនេះ ក្រោមការចង្អុលបង្ហាញរបស់លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានណែនាំឲ្យអគ្គនាយកដ្ឋានជំនាញអនុវត្តកំណែទម្រង់ ឲ្យស្របទៅនិងគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងដំណើរការអនុវត្តថវិកា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងចីរភាពនៃការវិភាជ និងប្រើប្រាស់ធនធានសាធារណៈរបស់ក្រសួងធម្មការនិងសាសនា៕