(សៀមរាប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១,០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។

នាឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម ជឿជាក់ថាវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករ និងចូលរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់មួយរបស់ខ្មែរឱ្យបានគង់វង្សយូរអង្វែង។

តាមរយៈលោករដ្ឋមន្ត្រី ក្រសួងបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង រាប់ចាប់ពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។

បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន លោក ឌិត ទីណា​បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។

រដ្ឋមន្ដ្រីក្រសួងកសិកម្មសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រ ឱ្យកាន់តែប្រសើរឡើងទាំងផ្នែកបច្ចេកទេសនិងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាពលើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ចនិងជំនាញរបស់ក្រសួង។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ដ្រីសង្ឃឹមថា «វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែកនិងនៅកម្ពុជា និយាយជារួមនឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ មិនត្រឹមតែប៉ុណ្ណោះ វានឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស»

ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ លោក ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្មបានគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យវប្បកម្មនៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាងនិងពូជមនក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤ ដូចមានខាងក្រោម៖

*ពងដង្កូវនាងសូត្រស CK174 ចំនួន ២០ ០០០ពង ប្រភពពីអគ្គនាយកដ្ឋានកសិកម្ម

*ពងដង្កូវនាងសូត្រមាស ចំនួន ២០ ០០០ពង ប្រភពពីស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក

*គ្រាប់ពូជមនអ៊ីប្រ៊ីដ GQ2 ចំនួន ២០០ ក្រាម ប្រភពពីវៀតណាម

*កូនមន ចំនួន ៥០០កូន ប្រភពពីខេត្តកំពង់ស្ពឺ និងគ្រោងប្រគល់ដើមពូជមនបន្ថែមទៀតក្នុងខែកញ្ញាប្រមាណជា១០០០ដើម ឬ៥០បាច់ ឬ៥០០០គុម្ព

*ឯកសារបច្ចេកទេសបណ្តុះគ្រាប់មន បច្ចេកទេសដាំដុះមន ការចិញ្ចឹមដង្កូវនាង និងបច្ចេកទេសការផលិតជីកំប៉ុសិ៍ បច្ចេកទេសធ្វើផលិតកម្មពងដង្កូវនាង បច្ចេកទេសគ្រប់គ្រងជំងឺលើដង្កូវនាង និងបច្ចេកទេសស្រាវសរសៃសូត្រ៕