(ព្រះសីហនុ)៖ ស្លាបមាន់ កោះមាន់ និងប្រហិតចំរុះប្រមាណជិត៤០០គីឡូក្រាម ដឹកតាមរ៉ឺម៉ក់ម៉ូតូ បំរុងដឹកចូលផ្ទះលក់ ប្រហិតបោះដុំដ៏ធំជាងគេក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការដកហូត រួចប្រគល់ទៅឲ្យកាំកុងត្រូល ដើម្បីយកទៅកម្ទេចចោល។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការបង្ក្រាប ការនាំចូលចំណីអាហារខុសច្បាប់ មកពីក្រៅប្រទេសមួយករណី ដែលមាន ស្លាបមាន់១៥០កញ្ចប់ ស្មើនឹង៣០០គីឡូក្រាម កោះមាន់៥កញ្ចប់ ស្មើនឹង១០គីឡូក្រាម និងប្រហិតចម្រុះ៩កញ្ចប់ ស្មើនឹង៤៥គីឡូក្រាម ពីម្ចាស់ផ្ទះឈ្មោះ ចេង ស៊ុនហ៊ី អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ បានបន្តថា បន្ទាប់ពីបានឲ្យម្ចាស់មុខទំនិញខុសច្បាប់ខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ ការនាំចូល បន្ត ទៀត ក៏បានប្រគល់ទំនិញខុសច្បាប់នេះ ទៅឲ្យមន្ដ្រីកាំកុងត្រូលសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោលផងដែរ។ ក្នុងនោះដែរមន្ត្រីកាំកុងត្រូល បានឲ្យដឹងថា សាច់មាន់អស់ទាំងនេះ គឺមានការបញ្ចូលសារជាតិ ថែររក្សាគុណភាពទំនិញ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកបរិភោគ យ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសម្ដែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ដែលបានធ្វើការទប់ស្កាត់ បានទាន់ពេលវេលា បើមិនដូច្នោះទេ ទំនិញអស់ទាំងនេះ នឹងចរាចរណ៍លើទីផ្សារ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគជាក់ជាមិនខាន៕