(ភ្នំពេញ)៖ អំពើបំបែកបំបាក់ ចង់ឱ្យខ្មែរឈ្លោះខ្មែរ និងការបំផុសពលរដ្ឋ ងើបបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាល គឺជាទិសដៅដ៏ធំបំផុតរបស់ទណ្ឌិត សម រង្ស៊ី ប៉ុន្តែឧបាយកលទុច្ចរិតនោះ ត្រូវបានពលរដ្ឋខ្មែរ ទូទាំងប្រទេស បានបង្ហាញតបមកវិញនូវធ្លុងសាមគ្គីភាពនៃការរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមនាយប់ថ្ងៃទី២៧ ខែសីហា ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បង្កើតឡើងដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានចំនួនមនុស្សចូលគាំទ្រ និងចូល Comments មានជាងមួយលាននាក់ក្នុងរយៈពេល២៤ម៉ោង។
សម្តេចតេជោ បានលើកឡើងថា៖ «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការ ពារជាតិពិតប្រាកដ ពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយដែរឬទេ?»
សម្តេចតេជោបន្តថា៖ «ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ»។
គួរកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២៤ ចលនារបស់ជាតិខ្មែរ ដែលរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាល បានបំផ្លាញនូវឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលមានយ៉ាងហោចចំនួនបី ក្នុងនោះរួម មានការញុះញង់មិនឱ្យមានការជីកព្រែកហ៊្វូណន-តេជោ ការបំផុសចង់ឱ្យពលរដ្ឋផ្ទុះកំហឹងតវ៉ា ដោយយកលំនាំចលនាបដិវត្ត Generation Z ក្នុងប្រទេសបង់ក្លាដេស្ហ និងការបង្កើតព័ត៌មានក្លែងក្លាយ អំពីការកាត់ទឹកដីខេត្តបួនភាគឥសានប្រទេសទៅឱ្យបរទេស។
ប៉ុន្តែព័ត៌មានមិនពិតដែលចោទថារាជរដ្ឋាភិបាល កាត់ដីឱ្យវៀតណាម តាមរយៈគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណដែលមានខេត្តខ្មែរចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នោះត្រូវបានពលរដ្ឋខ្មែរ បានប្រញាប់បកអាក្រាតវិញ នូវកលល្បិចដែលចង់ឱ្យទឹកដីកម្ពុជា ដែលទើបមានសន្តិភាពប្រមាណជាង២០ឆ្នាំមកនេះ ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ ពលរដ្ឋខ្មែរច្រើនសែននាក់ ក្នុងរយៈពេល៤៨ម៉ោងមកនេះ ត្រូវគេឃើញបានឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលដោយការបរិច្ចាគ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវតាមបណ្តោយព្រំដែនថែមទៀត។
ទណ្ឌិត សម រង្ស៊ី ដែលក្តៅក្រហាយ ក្រោយការឃើញឧបាយកលបំបែករបស់ខ្លួន ធ្វើឱ្យខ្មែរកាន់តែរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាលនោះ បានសរសេរតាមបណ្តាញសង្គមចោទក្នុងន័យថា រាជរដ្ឋាភិបាលកម្ពុជា មិនបានធ្វើកិច្ចការអភិវឌ្ឍន៍នោះដោយខ្លួនឯងទេ ប៉ុន្តែបែរជាទៅរៃអង្គាសលុយពីប្រជាជន។ ទណ្ឌិត សម រង្ស៊ី នៅបានសរសេរចង់បង្ហាញឱ្យគេបាន សង្ស័យទៀតថា ប្រហែលជារដ្ឋាភិបាលកម្ពុជាជិតអស់លុយ ឬក្ស័យធន នោះជាដើម។
បើសិនជាសំណេរនេះ ជារបស់ទណ្ឌិត សម រង្ស៊ី នោះមែន ខ្លឹមសារដែលបង្ហោះថា «ដកដង្ហើមដោយខ្លួនឯង តែបែរជាទៅរៃអង្គាសលុយពីប្រជាជន?» នោះ គឺវាជាការបង្ហាញថា អ្នកនយោបាយចាស់វស្សារូបនេះ គឺជាអ្នកនយោបាយ កំពុងមើលស្រាលដល់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញទឹកចិត្ត និងស្មារតីរបស់ខ្លួនដើម្បីការជួយកសាងជាតិ។
បណ្ឌិតផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា លោក គី សេរីវឌ្ឍន៍ បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋតាមការបរិច្ចាគថវិកា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន គឺជាការបង្ហាញនូវក្តីស្រឡាញ់ជាតិ ការបង្ហាញនូវភាពធ្លុងមួយរបស់ជាតិ នោះគឺ រវាងរាជរដ្ឋាភិបាល ជាមួយនឹងប្រជាជនរបស់ខ្លួន និងក៏ជាការបង្ហាញប្រាប់ពិភពលោកថា ពលរដ្ឋខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រាល់ទង្វើទាំងឡាយពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ គឺតែងតែមានពលរដ្ឋខ្មែរជាសាក្សី និងជាកម្លាំងជំរុញចលករមួយដែលមិនអាចខ្វះបានឡើយ៖
«ទាក់ទងជាមួយនឹងការបង្កើត មូលនិធិសម្រាប់កសាង និងអភិវឌ្ឍន៍តំបន់ក្រវាត់ព្រំដែននេះ ខ្ញុំយល់ថា មានមានសារ:សំខាន់៥យ៉ាង។ ទី១ គឺការបង្ហាញអំពីសន្តិភាពរបស់ប្រទេសកម្ពុជា។ កាលណាយើងមានសន្តិភាពទាំងអស់គ្នា យើងមានកិច្ចសហប្រតិបត្តិការយើងមានមូលនិធិរួម។ អញ្ចឹងមូលនិធិនេះមិនខុសពីមូលនិធិគន្ធបុប្ឆាទេ គឺជាការសម្តែងនូវទឹកចិត្តនៃការស្រឡាញ់ចូលរួម និងការស្នេហាជាតិរបស់ប្រជាជនកម្ពុជា។
ចំណុចទី២ គឺយើងមើលឃើញថា កត្តារួបរួមគ្នាជាធ្លុងមួយ ខ្មែររួបរួមគ្នា គឺខ្មែរមានកម្លាំងខ្លាំងខ្មែរ នឹងឈ្នះ។ ដូច្នេះការបង្កើតមូលនិធិនេះ គឺគោលបំណងជម្រុញឲ្យពលរដ្ឋយើងទាំងអស់គ្នារួបរួមគ្នា ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើង។
ទី៣ ការចួលរួមបង្កើតមូលនិធិទាំងអស់នេះ គឺរួមចំណែកធ្វើឱ្យប្រភពទុនដ៏សំខាន់នៅក្នុងការកសាងជាតិ និងការបង្កើតឲ្យមានអំណាច នៅក្នុងការចរចាជាមួយប្រទេសជិតខាងមានន័យថា ការរួមគ្នារវាងពលរដ្ឋរបស់យើងទៅជាធ្លុងមួយ ដែលយើងបង្ហាញថាទោះជាប្រទេសជិតខាង មានបំណងចង់កេងចំណេញលើប្រទេសយើង ក៏មិនអាចទៅរួចដែរ ដោយសារកម្លាំងមហាជនរបស់យើង មានភាពខ្លាំងក្លា។
ទី៤ គឺការរួបរួមគ្នាទាំងអស់នេះ ការបង្កើតមូលនិធិនេះ គឺវាស់វែងអំពីទឹកចិត្តនៃអ្នកស្នេហាជាតិទាំងអស់ថា តើពលរដ្ឋយើងស្រឡាញ់ជាតិប៉ុណ្ណា? មានពលរដ្ឋមួយចំនួន បានជេររដ្ឋាភិបាល ពលរដ្ឋមួយចំនួនតែងតែថា តំបន់ CLV នេះមិនមានការអភិវឌ្ឍន៍ ឬក៏ទុកឲ្យវៀតណាមអភិវឌ្ឍន៍ ឬក៏ចង់ដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង។ អញ្ចឹងឥឡូវនេះ គឺរដ្ឋាភិបាលបង្ហាញហើយថាតំបន់ CLV គឺជាតំបន់ដែលរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍ដោយខ្លួនឯង ហើយបន្តអភិវឌ្ឍន៍ទៅមុខទៀត ដូច្នេះដើម្បីឲ្យពលរដ្ឋចូលរួម ការវាស់ទឹកចិត្តថា តើអ្នកថាហ្នឹង គាត់បានចួលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសខ្លួនឯងហើយឬនៅ។
កត្តាទី៥ មានសារ:សំខាន់ណាស់ដែលបង្ហាញថា អ្នកនយោបាយនៅក្រៅប្រទេស គឺជាអ្នកនយោបាយដែលមិនបានរួមចំណែកនៅក្នុងការចូលរួម ហើយខ្ញុំជឿជាក់ថា ចំណុចទី៥នេះ គឺអ្នកដែលនៅក្រៅប្រទេស គាត់តែងតែស្រែកជេរ គាត់មិនដែលបានមកឃើញហើយគាត់មិនដែលបានរួមចំណែកសូម្បីតែមួយកាក់ មួយសេនក្នុងការអភិវឌ្ឍន៍ជាតិខ្លួនឯងទេ។
អញ្ចឹងដើម្បីបង្ហាញ (ការចូលរួមអភិវឌ្ឍន៍ជាតិ) មាន QR កូដច្រើនធនាគារច្រើនគណនី ដូច្នេះសុំឲ្យអ្នកនៅក្រៅប្រទេស អ្នកនៅប្រទេសទាំងអស់ហ្នឹង អ្នកដែលមានគំនិតលើកឡើងថាស្នេហាជាតិ ស្រឡាញ់ជាតិទាំងអស់គ្នា ហើយនិងជេររដ្ឋាភិបាល ចង់ដកតំបន់ CLV មកអភិវឌ្ឍន៍ខ្លួនឯងហ្នឹង សូមចូលរួម ហើយបង្ហាញ Account គណនីមកថា គាត់បានរួមចំណែក ប៉ុន្មានដុល្លារដើម្បីកសាងជាតិរបស់យើង អភិវឌ្ឍន៍ជាតិដោយខ្លួនឯង កុំឲ្យចេះតែលើកឡើងថា ស្នេហាជាតិ ស្រឡាញ់ជាតិដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង តែខ្លួនឯងមិនបានរួមចំណែកថវិកាមួយកាក់មួយសេនឱ្យសោះ នៅក្នុងការអភិវឌ្ឍន៍ជាតិនេះ»។
យោងតាមការផ្សាយក្នុងបណ្តាញសង្គម ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីថ្ងៃទី២៦ ខែសីហានោះមក ចំនួនមនុស្ស ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន បានកើនឡើងជាបន្តបន្ទាប់ ដោយខ្លះបានចូលរួមនូវទឹកប្រាក់ តាំងពីច្រើន១០០រៀល, ១ពាន់រៀល, ២ពាន់រៀល ឬ៥ពាន់រៀល, ខ្លះជាប្រាក់ដុល្លារ តាំងពី១ដុល្លារ, ៥ដុល្លារ, រហូតដល់លានដុល្លារ ដែលក្នុងនោះ រួមថ្នាក់ដឹកនាំប្រធាន ក្រុមហ៊ុនជាឧកញ៉ា ធំៗរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តាមបណ្តាញសង្គមបាន អំពាវនាវឱ្យជនរួមជាតិចូលរួម ទោះតិចក្តី ច្រើនក្តី និងសូមឱ្យជួយពិនិត្យមើលទៀតថា តើអ្នកចោទប្រកាន់ខ្លាចបាត់បង់ ទឹកដី នោះពួកគេ បានចូលរួមដែរឬទេ? សម្តេចតេជោ បានបញ្ជាក់ត្រង់ចំណុចនេះថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេ ប៉ុន្តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។
និស្សិតវិទ្យាស្ថានខេមអេដ កញ្ញា ម៉ី គន្ធា ពិសី និងមិត្តភក្តិរបស់ខ្លួន បានថ្លែងវាយតម្លៃខ្ពស់ ចំពោះពលរដ្ឋខ្មែរទាំងឡាយ ដែលបានបរិច្ចាគប្រាក់ចូលរួមការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវតាមខ្សែក្រវាត់ព្រំដែនទាំងនេះ ដែលជាសម្តីបង្ហាញការច្រានចោល នូវអ្វីដែលទណ្ឌិត សម រង្ស៊ី មិនចង់ឱ្យមានពលរដ្ឋខ្មែរ បានរួបរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកសាងខ្សែក្រវាត់ផ្លូវព្រំដែនឡើយ៖
«ក្នុងការបង្កើតមូលនិធិកសាងក្រវាត់ផ្លូវ តាមបណ្តោយព្រំដែន ខ្ញុំគិតថាល្អ សម្រាប់ប្រជាជន ហើយក៏វាជាពេលវេលាមួយ ដែលប្រជាជនអាចបង្ហាញពីតួនាទី ក្នុងការលើកស្ទួយ ហើយនិងការពារទឹកដីជាតិ ហើយខ្ញុំក៏បានចូលរួមហើយផងដែរ។ ហើយខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋហើយនិងបងៗផ្សេងទៀត គាត់បានជួយក្នុងការបរិច្ចាគ ទៅលើមូលនិធិ ឲ្យបានច្រើនទាំងអស់គ្នា។
ក្នុងការបង្កើតមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខ្ញុំយល់ឃើញថាល្អ ព្រោះមានគោលបំណងឲ្យប្រជាពលរដ្ឋ មានឆន្ទៈស្នេហាជាតិ និងការពារបូរណភាពទឹកដី ហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំក៏បានចូលរួមបរិច្ចាគរួចរាល់ហើយដែរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមមូលនិធិនេះ ទាំងអស់គ្នា»។
ភាពរួមគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរក្នុងស្រុកនេះហើយ គឺជាអ្វីដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ត្រូវមើលឃើញឱ្យច្បាស់ថា ឧបាយកលប៉ុនប៉ងបំបែកបំបាក់របស់ខ្លួនដើម្បី ចង់ឱ្យប្រទេសកម្ពុជាដែលមានសន្តិភាពធ្លាក់ចួលក្នុងសង្គ្រាមស៊ីវិលសាជាថ្មីវិញនោះ នឹងមិនអាចសម្រេចបានឡើយ។ អំពើកាន់តែបំបែកបំបាក់ គឺកាន់តែធ្វើឱ្យខ្មែររួមគ្នាកាន់តែខ្លាំងវិញតែប៉ុណ្ណោះ។
ចំណែកឧបាយកលដែលនិយាយរិះគន់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបរិច្ចាគ ប្រាក់ផ្ទាល់ខ្លួនដើម្បីជួយក្នុងទង្វើកសាងជាតិនោះ ក៏ជាការឆ្លុះបញ្ចាំងឱ្យសាធារណមតិបានឃើញដែរថា ទណ្ឌិតក្បត់ជាតិបីជំនាន់រួបនេះ មាត់និយាយអំពីប្រជាជន ប៉ុន្តែបែរជារិះគន់នូវសកម្មភាព របស់រាជរដ្ឋាភិបាលដែលយកប្រជាជនជាធំក្នុងកិច្ចការរួមចំណែកការកសាងជាតិទៅវិញ។
ដោយសារតែទង្វើមិនគិតពីប្រជាជនខ្លួនឯងជាធំនេះហើយ បានជាទណ្ឌិតក្បត់ជាតិបីជំនាន់ រួបនេះ ហ៊ានចុះហត្ថលេខាដោយចិត្តឯងដោយ «ថ្លើមធំ» កាលពីថ្ងៃទី១៣មេសាឆ្នាំ២០១៣ នៅលើទឹកដីសហរដ្ឋអាមេរិក គឺកាលពី ១១ឆ្នាំមុន ក្នុងការកាត់ទឹកដីក្នុងខេត្តខ្មែរទាំងបួនភាគឦសានប្រទេសនោះ ឱ្យមេ ដឹកនាំចលនាសេរីវៀតណាមឈ្មោះ កុកស ក្នុងនាមជាគណបក្សសង្គ្រោះជាតិ។
តើគេគួរជឿលើនយោបាយប្រជាភិថុតរបស់ទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំ «ថ្លើមធំ» ក្បត់ទំនុកចិត្តពលរដ្ឋខ្មែរ ដោយហ៊ានសម្រេចចិត្តកាត់ទឹកដីរបស់ខ្មែរ ដោយមិនឆ្លងកាត់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ នោះទៀតដែរឬទេ? ពលរដ្ឋខ្មែរត្រូវមើលឃើញនូវទង្វើរបស់មេខ្លោងធ្វើនយោបាយជ្រុលនិយមនេះ ដែលមិនយកពលរដ្ឋខ្មែរធ្វើជាធំឡើយ។
ហេតុដូច្នេះហើយបានជា សម រង្ស៊ី បារម្ភណាស់ពេលឃើញពលរដ្ឋរួមគ្នាជាមួយរាជរដ្ឋាភិបាល បរិច្ចាគថវិការួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមបណ្តោយព្រំដែនកម្ពុជានេះ៕