(កណ្តាល)៖ ឧបករណ៍នេសាទជាច្រើនរួមមាន៖ ស្បៃមងក្រឡាញឹក ព្រួល ឡុក លប១០០ស្រទាប់ លបឆ្គួតមួយចំនួនធំ និងបង្គោលស្មាច់ជាច្រើន ត្រូវកម្លាំងនគរបាលខេត្តកណ្តាល ដកហូតយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង ក្រោយពីចុះបង្ក្រាបនៅចំណុច អតីតឡូលេខ១០ និងលេខ១១ ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ព្រមទាំងមានការចសម្របសម្រួលពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ ដោយព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ដែលបានចូលរួមដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសទាំងនេះ បានបញ្ជាក់ថា វត្ថុតាងចាប់យករួមមាន៖ ១-ស្បៃមងក្រឡាញឹក (សៃយ៉ឺន), ព្រួល និងឡុក ប្រវែងប្រមាណ២៧,០០០ម៉ែត្រ ២-លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ ៣-កូនត្រីចំរុះប្រមាណ១,៦០០គីឡូក្រាម និង៤-បង្គោលស្មាច់ប្រមាណជិត៧០០ដើម។
យ៉ាងណាក៏ដោយលោក ឈឿន ប៊ុនឆន បានបង្ហាញការលំបាកមួយចំនួនសម្រាប់ប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសមួយនេះ ដោយហេតុផលថា ជនល្មើសដឹងខ្លូនមុន និងគេចខ្លួនរួចព្រមទាំងបំលែងវត្ថុតាងបទល្មើស លិចទឹកមើលសឹងមិនឃើញ, ឧបករណ៍ល្មើសច្រើនហួសស្មានលើសពីលទ្ធភាពប្រមូលកំទេច, ទីតាំងបទល្មើសជាតំបន់ស្មុគស្មាញធ្លាប់មានប្រតិកម្មតបត និងមានប្រជាជនខ្មែរប្រមាណ១២ទូកស្មាច់ ឡោមព័ទ្ធសមត្ថកិច្ច ឲ្យបញ្ឈប់សកម្មភាពបង្ក្រាប តែត្រូវបានដោយះស្រាយភ្លាមៗ ដោយអនុញ្ញាតឲ្យពួកគាត់រើដោយខ្លួនឯង។
សម្រាប់ទិសដៅបន្តទៀតលោកអធិការស្រុកកោះធំ បានបញ្ជាក់ថា «សកម្មភាពចុះបង្ក្រាប គឺជោគជ័យស្ទើ១០០ភាគរយ និងទទួលបានការសារទរពីប្រជាជន និងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្តេជ្ញាបន្តបង្ក្រាបឲ្យអស់ឧបករណ៍ល្មើស និងជនល្មើសឲ្យអស់ពីមូលដ្ឋាន និងគោរពតាមបទបញ្ជាគណៈអភិបាលខេត្ត-ស្រុក, ស្នងការដ្ឋាន និងអាយ្យការខេត្ត១០០ភាគរយ»។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃនេះតុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនជាតិវៀតណាម៤នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធការនេសាទខុសច្បាប់ នៅស្រុកកោះធំ៕