(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៏ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានផ្តល់រង្វាន់ និងថវិកាមួយចំនួន ដល់សិស្សទើបប្រឡងជាប់បាក់ឌុបនិទ្ទេស A ចំនួន២នាក់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ការផ្តល់ជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A នេះធ្វើឡើងក្នុងឱកាស ដែលោក ជា ចាត់តូ អញ្ជើញចូលរួមបិទ វគ្គបណ្ដុះបណ្ដាលអប់រំ នយោលបាយជូនសកម្មជនយុវជន គណបក្សចំនួន៣៦៧ នាក់ សម្រាប់វគ្គ៣ វគ្គ៤ វគ្គ៥ និងវគ្គ៦នេះ បន្ទាប់ពីបានបញ្ចប់ការរៀនសូត្រដោយ ជោគជ័យ។
លោក ជា ចាន់តូ បានថ្លែងក្នុងកម្មវិធីបិទវគ្គនេះថា បើយុវជនបន្តវេនម្នាក់ៗ គ្មានឧត្ដមគតិច្បាស់លាស់ត្រឹមត្រូវនោះទេ គឺមិនអាចសម្រេចការងារឧត្ដង្គឧត្ដម របស់ជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រគល់ឲ្យបានឡើយ។ ទោះបីជាមានសមត្ថភាព និងចំណេះដឹងខ្ពស់ក៏ដោយ ព្រោះថាឧត្ដគតិនេះ គឺជាកម្លាំងដ៏មុតស្រួច នៅក្នុងការកំណត់នូវជ័យជំនះ ។
លោកបានបន្ដទៀតថា ក្នុងនាមជាសកម្មជនយុវជន របស់គណបក្សក៏ត្រូវមានការជឿជាក់ ដោយស្មោះត្រង់ក្នុងការបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិ ឲ្យអស់នូវកម្លាំងកាយចិត្ត ខណៈដែលប្រទេសជាតិ កំពុងតែត្រូវការកម្លាំងយុវជន សម្រាប់បន្តវេននោះ។
លោកក៏បានបញ្ជាក់ទៀតថា យុវជនត្រូវហ៊ានលះបង់ពេលវេលារបស់ខ្លួន ចូលរួមឲ្យក្នុងសកម្មភាពចុះឈ្មោះ និងការបោះឆ្នោតការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខឲ្យបានទាំងអស់គ្នា ដោយការប្ដេជ្ញាចិត្តខ្ពស់ ។
លោក យស បញ្ញារិទ្ធ ប្រធានគណបក្សស្រុកសន្ទុក បានឲ្យដឹងថា យុវជននៅក្នុងស្រុកសន្ទុក ដែលជាសកម្មជនយុវជនគណបក្ស ដែលត្រូវទទួលការបណ្ដុះបណ្ដាល និងអប់រំនយោបាយ សម្រាប់ឲ្យក្លាយជាអ្នកបន្តវេន នៅទូទាំងស្រុកមានចំនួន៦៥០នាក់។ ដោយឡែកសម្រាប់វគ្គ៣វគ្គ៤ វគ្គ៥ និងវគ្គ៦ ដែលបានបញ្ចប់នៅ ពេលនេះមានចំនួន៤៦៧នាក់ ស្រីមាន១៧១នាក់។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំនិងឧបត្ថម្ភទាំងស្រុងដោយលោក ជា ចាន់តូ ក្នុងគោលបំណង ដើម្បីផ្ដល់នូវពុទ្ធិថ្មីៗ និងចំណេះដឹងទូទៅពិសេស គឺគោលនយោបាយ របស់គណបក្សក្នុងនោះរួមទាំង ព្រឹត្តិការណ៍និងបច្ចុប្បន្នភាព នៃព្រឹត្តិការណ៏ជាតិ និងអន្តរជាតិផងដែរ៕