(កំពត)៖ សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបម្រើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត ដែលមានមុខកាត់អង្កត់ផ្ចិតទំហំ៩,៧ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
មន្ត្រីជំនាញបានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសលោកអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។ ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់លោកអភិបាលខេត្តកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលខាងមុខខេត្តនិងបង្កើតឲ្យមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀតបន្ទាប់ពីនាឡិកាខ្ពស់ និងធំជាងគេនេះ ហើយដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត៕