Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាន់តែច្បាស់ពីជំហរលោក Duterte! ហ្វីលីពីននឹងចងសម្ព័ន្ធភាព ជាមួយប្រទេសផ្សេងៗទៀត ដូចជា ចិន និង រុស្ស៊ី ដោយមិនពឹងផ្អែកតែលើអាមេរិកទៀតឡើយ

27-09-2016 14:57

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសរបស់ លោក ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់ជាមួយនឹងសហរដ្ឋអាមេរិកនោះ គឺកំពុងតែកសាង «សម្ព័ន្ធមិត្តថ្មីៗ ជាច្រើនទៀត» ហើយហ្វីលីពីនអាចនឹងងាកទៅរក ចិន និង រុស្ស៊ី ឲ្យជួយ ក្នុងនោះក៏រួមមានសង្គ្រាម ប្រឆាំងនឹងគ្រឿងញៀនផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

លោក Duterte បានថ្លែងដូចខាងលើនេះ នៅអំឡុងពេល លោកចូលរួមនៅក្នុងកិច្ចប្រជុំ ស្តីពីការបង្ក្រាប រោងចក្រផលិតសារធាតុ មេតំហ្វេតាមីន ខុសច្បាប់ ហើយក្នុងនោះបុរសខ្លាំងហ្វីលីពីនរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា «ចាប់ពីឆ្នាំក្រោយទៅ ខ្ញុំនឹងត្រូវតែចូលខ្លួនទៅចងសម្ព័ន្ធភាព ជាមួយបណ្តា ប្រទេសជាច្រើនថ្មីៗទៀត»។ លោក ក៏បានបញ្ជាក់ផងដែរថា លោកនឹងមិនបណ្តោយឲ្យ សហរដ្ឋអាមេរិក ធ្វើអ្វីតាមតែអំពើចិត្តមកលើហ្វីលីពីនទៀតឡើយ។

គួរបញ្ជាក់ថា សារព័ត៌មានមួយចំនួន បានចេញផ្សាយរួចទៅហើយ ពីការបង្ហាញឥរិយាបទទន់ភ្លន់ របស់លោក Duterte ចំពោះប្រទេសចិន ខណៈជាមួយអាមេរិក ដែលជាអតីតប្រទេសដែលធ្លាប់ដាក់ អណានិគមលើហ្វីលីពីននោះ កាន់តែមានភាពសោះអង្គើយឡើងជាលំដាប់។ ទោះបីជាបែបនេះក្តី លោក Duterte បានទទួលស្គាល់ថា វាជារឿងសំខាន់ណាស់ក្នុងគ្រប់គ្រង ការជួញដូរគ្រឿងញៀន ជាពិសេសការផ្គត់ផ្គង់គ្រឿងញៀនឧក្រិដ្ឋ មកឲ្យហ្វីលីពីន៕