(មណ្ឌលគិរី)៖ សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះទេព្វានុរ័ក្ខ ម៉ែន សារឿន ព្រះរាជាគណៈកិត្តិយស ព្រះវិរិយសោភ័ណ មែ គង់ ព្រះរាជាគណៈកិត្តិយស និងលោក ជា ណារ៉េត រដ្ឋលេខាធិការ តំណាងលោល ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បាននិមន្តព្រះមន្រ្តីសង្ឃ និងព្រះសង្ឃ ដើម្បីសួរសុខទុក្ខព្រះមន្រ្តីសង្ឃ និងភិក្ខុសាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តមណ្ឌលគិរីទាំងមូល។
សម្ដេចព្រះសាក្យមុនី បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះ៖
ទី១៖ ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល។ ហើយមិនត្រូវទុកភិក្ខុ ឬសាមណេរអង្គណាមួយចោល ដោយមិនបានទទួលបាននូវការអប់រំឡើយ។
ទី២៖ ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឱ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើងជាយថាហេតុ។ ចំពោះព្រះសង្ឃណាដែលបានធ្វើកិច្ចការនេះមកហើយ សូមព្រះអង្គបន្តធ្វើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយកាកបាទក្រហម ឬអាជ្ញាធរតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
ទី៣៖ គ្រូចៅអធិការ ត្រូវរៀបចំវត្តឱ្យមានរបៀបរៀបរយ ប្រកបដោយសោភ័ណភាព ឱ្យសមជាទីអារាម ដែលជាទីរីករាយរបស់ពុទ្ធបរិស័ទ។ សូមព្រះអង្គគ្រប់អង្គ ស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនៅតម្លៃ ព្រះពុទ្ធសាសនាក្នុងសង្គម។
មុននឹងបញ្ចប់សម្ដេចព្រះសាក្យមុនី មានថេរដីកាប្រគេន និងអំពាវនាវដល់ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។ ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដោយកុំងាករេ នឹងចូរកុំធ្វើសកម្មភាពណាមួយនាំឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
នាឱកាសនោះដែរ លោក ជា ណារ៉េត បាននាំនូវការផ្តាំផ្ញើរ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។
មន្ត្រីជាន់ខ្ពស់រូបនេះ សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង៕