(ភ្នំពេញ)៖ លោក ជីក មីហ្សាប៉ូ ប្រធានសភាប៊ូតាន បានឲ្យដឹងថា ប្រទេសប៊ូតាន ចង់បានបទពិសោធន៍ល្អៗ និងមេរៀងល្អៗ ពីសភាពកម្ពុជាព្រោះថាសតវត្សទី២១ ជាសតវត្សរបស់អាស៊ីទាំងមូល ទាំងការគ្រប់គ្រងសេដ្ឋកិច្ច ទាំងនយោបាយ។ នេះបើតាមការបញ្ជាក់របស់ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តច ហេង សំរិន ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ជីក មីហ្សាប៉ូ លើកឡើងបែបនេះខណៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាបានអនុញ្ញាតឲ្យ លោកចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេច ហេង សំរិន បានឱ្យដឹងថា លោក ជីក មីហ្សាប៉ូ ប្រធានសភាប៊ូតាន បានបញ្ជាក់ថា «ប្រជាធិបេតយ្យរបស់ប្រទេសប៊ូតាន នៅក្មេងខ្ចីដូចនេះ គោលបំណងដែលប៊ូតានចូលរួមនៅក្នុងបណ្តាវេទិកាក្នុងតំបន់ផ្សេងៗ គឺដើម្បីដកស្រង់បទពិសោធន៍ និងរៀនសូត្រ ពីបទពិសោធន៍ល្អៗរបស់កម្ពុជា យកទៅកែលំអ និងអនុវត្តប្រទេសប៊ូតាន»។
ក្រៅពីការលើកឡើងខាងលើនេះ ភាគីទាំងពីរក៏បាន ថ្លែងអំណរគុណគ្នាផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក លើការទំនាក់ទំនង និង រួមសហការលើវិស័យមួយចំនួនទៀត។ ភាគីប៊ូតាន ក៏បានកោតសរសើរដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនានា ទាក់ទងទៅនឹងសភាកន្លងមកផងដែរ។
ភាគីប៊ូតាន បានស្នើឲ្យសភាកម្ពុជា នៅតែពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសភាកម្ពុជា និងសភាប៊ូតាន៕