(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី ១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរប្រទេសឡាវ សម្រាប់ការធ្វើជាប្រធាន AMMTC ដោយជោគជ័យ។ លោកក៏បានសំដែងនូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការអនុវត្តសកម្មភាព និងគម្រោងនានា។
បន្ទាប់ពីចប់កិច្ចពិភាក្សាការងារ លោកបណ្ឌិត កៅ គឹមហួន រួមជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី ១៨។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់។ លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក ដែលក្នុងឱកាសនោះ គាត់បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរបៀបវារៈរួមរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងពេលបច្ចុប្បន្ន និងដែលកំពុងលេចឡើងថ្មីៗ។
កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការថ្មីៗ ក្នុងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០១៦ ដល់ ២០២៥។
កិច្ចប្រជុំក៏បានស្វាគមន៍ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធាន AMMTC ឆ្នាំ២០២៥ ផងដែរ។ កិច្ចពិគ្រោះយោបល់ AMMTC ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសបូកបី នឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់។
លុះដល់នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកឧត្តមសេនីយ៏ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំលើវិស័យប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ ចាប់តាំងពីឆ្នាំ២០០៥ មក។
លោកអគ្គលេខាធិការអាស៊ាន ក៏បានថ្លែងអំណរគុណប្រទេសកម្ពុជា សម្រាប់ការផ្តួចផ្តើមឱ្យមានសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំ AMMTC លើកទី ១៧ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២៣ ដែលជាមគ្គុទ្ទេសក៏សម្រាប់ការអនុវត្តច្បាប់របស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង នៃការរត់ពន្ធអាវុធនៅក្នុងតំបន់។
លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយ លោក Luong Tam Quang រដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីនិន្នាការបច្ចុប្បន្ន និងកំពុងលេចឡើង នៃឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់ ព្រមទាំងការអនុវត្តផែនការសកម្មភាពអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០១៦ ដល់ ២០២៥ ព្រមទាំងកិច្ចការមួយចំនួនទៀត។
បន្ទាប់មកទៀត លោកបណ្ឌិត កៅ គឹមហួន បានបន្ដជួបពិភាក្សាការងារជាមួយ លោក Datuk Seri Saifuddin Nasution bin Ismail រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធាន AMMTC ក្នុងឆ្នាំ២០២៥ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រទេសដឹកនាំលើវិស័យជួញដូរមនុស្ស ការប្លន់តាមសមុទ្រ និងការលាងលុយកខ្វក់។
លោកអគ្គលេខាធិការអាស៊ាន ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយរបស់ម៉ាឡេស៊ី ជាពិសេសនៅក្នុងវិស័យអាទិភាពរបស់ AMMTC។
លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Soon Sher Rene អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសាររបស់សិង្ហបុរី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីរបស់សិង្ហបុរី ក្នុងនាមជាប្រទេសដឹកនាំលើវិស័យឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណែត និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចអន្តរជាតិ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីឧក្រិដ្ឋកម្មឆ្លងដែនជាសកលនាពេលបច្ចុប្បន្នផងដែរ។
ជាកម្មវិធីចុងក្រោយ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Tawee Sodsong រដ្ឋមន្ត្រីយុត្តិធម៌នៃព្រះរាជាណាចក្រថៃ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីយ៉ាងសកម្មរបស់ប្រទេសថៃ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ក៏ដូចជា ការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រោមយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន៕