(ព្រៃវែង)៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និងឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និមន្ត និងអញ្ជើញសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត្តព្រៃវែង រួមមានព្រះមេគណ ព្រះគ្រូអនុគណ និងសហការី ព្រះចៅអធិការសរុប ៥០០វត្តទូទាំងខេត្ត។
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាបញ្ជាក់ថា
១-ការចូលរួមចំណែករបស់ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃទាំងអស់ក្នុងការឧបត្ថម្ភមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ពិតជាបានបង្ហាញពីការចូលរួមចំណែកជួយរបស់ពុទ្ធចក្រដល់អាណាចក្រ ហើយក៏ជាការបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ព្រះសង្ឃខ្មែរផងដែរ។
២-ព្រះសង្ឃទាំងអស់ត្រូវគោរពធម៌វិន័យឱ្យបានល្អ ដើម្បីក្លាយជាស្រែបុណ្យនិងបុគ្គលសក្ការ:ពិតប្រាកដរបស់ពុទ្ធបរិស័ទគោរពបូជា។
៣-ការបំបួសព្រះសង្ឃត្រូវតែពិនិត្យពិច័យឱ្យបានត្រឹមត្រូវមានដូចជា ការពិនិត្យសារធាតុញៀន និងការពិនិត្យទៅលើផ្លូវច្បាប់ជៀសវាងអ្នកយកស្បង់ចីវរព្រះសង្ឃទៅប្រើប្រាស់ដោយមិនបានបួសត្រឹមត្រូវ(សង្ឃក្លែងក្លាយ) ហើយស្វែងរកលាភសក្ការ: ដែលធ្វើឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។ ព្រះសង្ឃបន្ទាប់ពីបួសហើយត្រូវសិក្សារៀនសូត្រឱ្យចេះដឹងនូវវិជ្ជាផ្លូវធម៌ផ្លូវលោក (បរិយត្តិធម៌) ធម៌អាថ៌សិក្ខាវិន័យ បាលី-សំស្រ្កឹត ពុទ្ធវចន:ឱ្យបានទូលំទូលាយ រួចហើយផ្សព្វផ្សាយចំណេះដឹងនោះៗដល់សាធារណជនផង។ ទន្ទឹមនឹងនោះត្រូវមានការអនុវត្ត(បដិបត្តិ) នូវធម៌វិន័យនោះៗឱ្យបានត្រឹមត្រូវ ដើម្បីបានជាគំរូរបស់ព្រះសង្ឃដទៃទៀត និងមហាជន ធ្វើយ៉ាងនេះទើបានសម្រេចប្រយោជន៍ទាំងបច្ចុប្បន្ន និងបរលោក។
៤-ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ត្រូវគោរពតួនាទី និងភារកិច្ចឱ្យបានល្អរៀងៗខ្លួន តួនាទីណាជាតួនាទីព្រះមេគណ និងសហការី តួនាទីណាជាតួនាទីព្រះគ្រូអនុគណ និងសហការី តួនាទីណាជាតួនាទីរបស់ព្រះចៅអធិការ និងសហការី។ ជាមួយគ្នានេះផងដែរ ព្រះចៅអធិការត្រូវពិនិត្យ តាមដាន និងវាយតម្លៃទៅលើការរស់នៅ ការសិក្សារៀនសូត្រ វិស័យពុទ្ធិកសិក្សា ការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្រោមឱវាទឱ្យបានហ្មត់ចត់បំផុត ព្រោះចៅអធិការជាមេគ្រួសារដ៏សំខាន់សម្រាប់វត្តអារាមនីមួយៗ បើព្រះចៅអធិការខ្លាំងពូកែ ភិក្ខុសាមណេរនឹងក្លាយជាបព្វជិតមានវិន័យ សីលធម៌ជាស្រែបុណ្យដ៏ល្អ និងជាបុគ្គលសក្ការ:បូជារបស់មហាជន។
៥-ព្រះសង្ឃត្រូវរស់នៅក្រោមដំបូលច្បាប់រដ្ឋ និងវិន័យសង្ឃរបស់ខ្លួន ព្រមទាំងដើតាមគោលនយោបាយដឹកនាំរបស់រដ្ឋ ព្រោះថាព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែគោរពតាមបទបញ្ញត្តិរបស់ព្រះរាជា ឬប្រទេសដែលព្រះអង្គគង់ប្រថាប់នៅ ដើម្បីការរីកចម្រើន ការតាំងនៅស្ថិតស្ថេររបស់ពុទ្ធសាសនា។
៦-ព្រះមន្ត្រីសង្ឃមូលដ្ឋានទាំងអស់រួមមានព្រះមេគណ ព្រះគ្រូអនុគណ និងព្រះចៅអធិការវត្ត ត្រូវមានការសហការល្អជាមួយមន្ទីរធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរបស់ខ្លួន ដើម្បីទទួលបាននូវវឌ្ឍនភាពទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្នុងខេត្តរបស់ខ្លួនជារៀងរហូត។ សាមគ្គីភាពរមែងនាំមកនូវភាពជោគជ័យ វិបុលភាព និងភាពរុងរឿងដល់សង្គមជាតិ និងព្រះពុទ្ធសាសនាយើងទាំងអស់គ្នា។
លោក មាស សំណាង តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំនូវការផ្តាំផ្ញើរ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ថា សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ចូលរួមគ្រាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន សូមព្រះមន្រ្តីសង្ឃត្រូវធ្វើការគ្រប់គ្រងវត្តអារាមឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង។