(ភ្នំពេញ)៖ ដើម្បីការពារសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាតាមអនុសាសន៍ណែនាំរបស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ប៊ុន សុខូម៉ា អនុប្រធានរួមសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យចំណីអាហារផលិតផលកំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅ ម៉ាត ហាងទំនិញ តាមផ្ទះ តាមតូប ក្នុងផ្សារច្បារអំពៅក្នុងខណ្ឌច្បារអំពៅ។
លោក ប៊ុន សុខូម៉ា បានឲ្យដឹងថា តាមការណែនាំរបស់ លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យលោកចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នងមីនីម៉ាត ស្ថិតក្នុងសង្កាត់ច្បារអំពៅ រួមទាំងផលិតផលចំណីអាហារ រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ ជ្រួក និងផលិតផលគ្រឿងសមុទ្រជាដើម ដែលកំពុងចរាចរដាក់លក់នៅលើទីផ្សារ តែរកមិនឃើញ ផលិតផលណាមួយមានសារធាតុគីមីនោះទេ ។
ក្រុមការងារក៏បានត្រួតពិនិត្យសាដក និងគ្រឿងបរិភោគដែលត្រូវយកទៅប្រគេនព្រះសង្ឃផងដែរ។ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។ ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា លោកបានណែនាំ និងផ្តល់អនុសាសន៍ដល់បណ្តាសាខាកាំកុងត្រូលដែលបាននឹងកំពុងឈរជើងនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់នៅតាមទីផ្សារ អោយបានជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកលើកកម្ពស់ការពារសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕