(ភ្នំពេញ)៖ យុវជន សឹម ស៊ាត ហៅ Mr. Seth ដែលធ្លាប់ចាញ់ការឃោសនារបស់ក្រុមប្រឆាំងក្រៅច្បាប់ បំផុសបំផុលចលនាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នោះ នៅពេលនេះបានចូលរួមក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥០,០០០រៀលដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
យុវជន សឹម ស៊ាត ហៅ Mr. Seth បានលើកឡើងថា៖ «រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងមែនទែន ក្នុងការភិវឌ្ឍធ្វើផ្លូវ តាមខ្សែក្រវាត់ព្រំដែន អីចឹងគឺយើងចូលរួម មូលធិនិទាំងអស់គ្នាដើម្បីជាតិយើង ដើម្បីប្រទេសយើង។ យើងកុំដូចពួកបុគ្គលជ្រុលនិយមមួយចំនួន បានតែស្រែកបានតែជេ ប៉ុន្តែពិតប្រាកដគឺ អត់បានចូលរួមអីសោះ បានតែជេរាជរដ្ឋាភិបាល អត់បានធ្វើអ្វីសោះ»។
អតីតមេចលនាបាតុកម្ម Mr. Seth បានបន្ថែមទៀតថា៖ «បើពួកលោកខ្លាំងមែន ចូលរួមដូចគេហ្នឹងបានគេថាអ្នកស្នេហាជាតិមែន គេដើម្បីប្រទេសជាតិ គេសុខចិត្តចំណាយលុយផ្ទាល់ខ្លួន ចូលរួមមូលនិធិ ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើផ្លូវក្រវាត់ព្រំដែន អីចឹងបើពួកលោកតាំងខ្លួនឯងថាជាអ្នកស្នេហាជាតិ អីចឹងសូមចូលរួមជាមួយគេទៅ ២ម៉ឺនក្ដី ៣ម៉ឺនក្ដី ចូលទៅតាមសទ្ធាប៉ុន្មានក៏យកដែរ ឱ្យតែចូល អត់បង្ខិតបង្ខំទេ ហើយក៏អត់ដាក់កំហិតថាប៉ុន្មានៗដែរ»។
ជាមួយគ្នានេះ យុវជន សឹម ស៊ាត បានអំពាវនាវទៅកាន់បងប្អូនខ្មែរទាំងអស់ថា៖ «បងប្អូនខ្មែរយើងជាច្រើនទៀត គាត់ចូលតាមសទ្ធារបស់គាត់ដែរតិចក្ដី ច្រើនក្ដី គាត់ចូលទាំងអស់ ដើម្បីឱ្យរាជរដ្ឋាភិបាលលោកយកមូលនិធិទាំងអស់នេះទៅកសាងអភិវឌ្ឍន៍ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ព្រំដែនរបស់យើង។ ខ្ញុំក៏ធ្លាប់ជាអ្នកនៅក្នុងបក្សប្រឆាំងមួយរូបដែរ ប៉ុន្តែខ្ញុំដឹងខ្លួន ហើយខ្ញុំក៏មិននៅទៀតដែរ ខ្ញុំដឹងថានៅខាងបក្សប្រឆាំងយូរៗទៅ វាគ្មានបានប្រយោជន៍អីទេ វាបានតែបំផ្លាញជាតិញុះញង់ឱ្យប្រជាពលរដ្ឋឈ្លោះស្អប់គ្នា ស្អប់រាជរដ្ឋាភិបាលតែប៉ុណ្ណឹងទេ នៅខាងបក្សប្រឆាំង ហើយខ្ញុំមិនចាញ់បោកបក្សប្រឆាំងទៀតទេ។ ខ្ញុំសប្បាយចិត្ត នឹងរាជរដ្ឋាភិបាលដែលលោកបង្កើតមូលនិធិនេះឡើង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ព្រំដែន អីចឹងសូមបងប្អូនទាំងអស់គ្នា ចូលរួមទាំងអស់គ្នា ដើម្បីជាតិយើង ដើម្បីប្រទេសយើង សូមបងប្អូនជនរួមជាតិ អ្នកដែលស្រលាញ់ជាតិ ចូលរួមតិចក្ដីច្រើនក្ដី តាមសទ្ធារបស់បងប្អូន»។
«អ្នកប្រឆាំងផ្កាប់មុខមួយចំនួនគេចូល ឬមិនចូល ជារឿងរបស់គេ គេមិនចូលហីទៅ គេនៅតែជេយើង ជេរាជរដ្ឋាភិបាលបន្តទៀតអីចឹងទៅ ហើយក៏ជេមកខ្ញុំខ្លាំងមែនទែន កាត់តវីដេអូខ្ញុំ ប្រមាថខ្ញុំ ខ្ញុំមិនថាអីទេ តែបើលោកតាំងខ្លួនជាអ្នកស្នេហាជាតិ លោកចូលរួមដូចគេទៅ តិចក្ដីច្រើនក្ដីដើម្បីឱ្យរាជរដ្ឋាភិបាលយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ព្រំដែន»។ នេះគឺជាការបញ្ជាក់បន្ថែមពីយុវជន សឹម ស៊ាត ហៅ Mr. Seth ដែលធ្លាប់ចាញ់ការឃោសនារបស់ ក្រុមប្រឆាំងក្រៅច្បាប់ហើយ បំផុសបំផុលចលនាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕