(រតនគិរី)៖ នៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តរតនគិរី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស និង លោក វ៉ាន់ សោភា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី អង្គការសង្គមស៊ីវិលក្នុងខេត្តរតនគីរី បានសំដែងការគាំទ្រ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ហើយក្នុងរយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនេះ បានផ្តល់សារៈប្រយោជន៍ និងការរីកចំរើនគ្រប់វិស័យដល់ប្រជាជនខេត្តរតនៈគីរីពិសេសការតភ្ជាប់ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងការកែលំអរជីវភាពប្រជាពលរដ្ឋ ហើយពុំមានបាត់បង់ទឹកដី ឬអធិបតេយ្យភាពដូចការលើកឡើងក្នុងគោលបំណងញុះញង់ មួលបង្កាច់ការពិតដោយមិនស្គាល់សភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាននោះឡើយ ។
អង្គការសង្គមស៊ីវិលក្នុងខេត្តរតនគីរី ក៏បានប្រកាសគាំទ្រចំពោះសម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តនៅតាមបណ្តោយព្រំដែន ហើយនឹងចូលរួមផ្សព្វផ្សាយបន្តតាមបណ្តាញសង្គមនានា ដោយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់ខ្លួនឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ខ្ពស់ដល់សង្គមស៊ីវិលជាដៃគូដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តែងរៀបចំវេទិកាសន្ទនានេះជារៀងរាល់ឆ្នាំ គោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅតាមមូលដ្ឋានរបស់ខ្លួននិងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តផងដែរ។ ដោយឡែកនៅឆ្នាំ២០២៤នេះ វ.ស.ស.បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ។
ជាកិច្ចបញ្ចប់ លោកបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ហើយក៏បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាបអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។