(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរស្រុកថ្មគោល បានចុះណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ ឲ្យយល់ដឹងពីផលប៉ះពាល់សុខភាពនូវទំនិញម្ហូបអាហារផ្សេងៗ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងរឹបអូសបានទំនិញខូចគុណភាពមួយចំនួនយកទៅកម្ទេចចោលភ្លាមៗនៅនឹងកន្លែងផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចជំនាញបាន និងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមផ្សារ គ្រប់ទីកន្លែង ក៏ដូចជា នៅតាមបណ្តាច្រកព្រំដែន កម្ពុជា-ថៃ ហើយបានបញ្ជាដល់មន្រ្តីកាំកុងត្រូលដែលប្រចាំការគ្រប់មាត់ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យនូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចយើងរឹបអូសបានមាន៖ ទឹកស៊ីរ៉ូចំនួន១៣ដប ទឹកខ្មេះថៃរូបសញ្ញា ទន្សាយចំនួន១២ដប ទំពាំងធុងចំនួន៨ធុងស្មើនឹង៤៨គីឡូក្រាម ម្សៅតែគុជចំនួន៣០កញ្ចប់ ចាហួយចំនួន៣កែវ ទឹកក្រូចដបធំចំនួន៣០ដប ទឹកដោះគោខាប់ចំនួន៤កំប៉ុង ទឹកជ្រលក់ចម្រុះចំនួន៨ដប និងទឹកស៊ីអ៊ីវចំនួ ៤ដប។
លោកប្រធានក៏បានសំណូមពរដល់អាជីវករកុំឲ្យនាំចូលទំនិញខូចគុណភាព ជាពិសេសម្ហូបអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ។ ក្រុមការងារបានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់ សូមមេត្តាពិនិត្យមើលទំនិញនោះឲ្យបានច្បាស់លាស់និងម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាពធ្វើឲ្យប៉ះពាល់សុខភាព ដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់់ផ្ទាល់៕