(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៣ លើសេចក្ដីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ២០២៥-២០៣៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។

ក៏មានការអមដោយអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃ ន.ប.ធ. និងដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ធនាគារជាតិនៃកម្ពុជា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» តំណាងនិយ័តករ/អង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងស្ថាប័នពាក់ព័ន្ធ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ២០២៥-២០៣៥ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច៕