(ភ្នំពេញ)៖ ដោយមានការសហការ រវាងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ និងមន្ទីរពេទ្យជោរ៉ៃវៀតណាម ហើយមានការចូលរួមឧបត្ថម្ភ ដោយក្រុមហ៊ុនថ្នាំពេទ្យ DHG Phamar នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រារព្ធនូវកម្មវិធីសប្បុរសធម៌មួយ ដោយធ្វើការពិនិត្យ និងព្យាបាល អ្នកជំងឺប្រព័ន្ធរំលាយអាហារចំនួន ៥០នាក់ ដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ហូ តឺនហ្វាត ជាប្រធានផ្នែកក្រពះ ថ្លើម និងប្រមាត់ ប្រចាំនៅមន្ទីរពេទ្យជោរ៉ៃវៀតណាម ដែលបានមកពិនិត្យ និងព្យាបាល អ្នកជំងឺនៅក្នុងកម្មវិធីសប្បុរសធម៌នេះ បានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺធ្វើយ៉ាងណាឲ្យប្រជាជន នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើង ដែលជារៀងរាល់ខែ តាំងតែមានវេជ្ជបណ្ឌិតជំនាញការ មកពីប្រទេសវៀតណាម ដើម្បីធ្វើកម្មវិធីសប្បុរសធម៌នេះ។
លោកវេជ្ជបណ្ឌិតបន្តថា ឆ្លងតាមការពិនិត្យ លោកបានសង្កេតឃើញថា ពាក់ព័ន្ធនឹងបញ្ហាជំងឺប្រព័ន្ធរំលាយអាហារ ជំងឺដែលលេចធ្លោរជាងគេ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់អាស៊ី គឺជំងឺរលាកក្រពះ និងជំងឺពោះវៀនភ្ញោច។
លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីជៀសវាងការកើតមានជំងឺរលាកក្រពះ គួរកុំទទួលអាហារដែលហិរ, ជូរខ្លាំង, គ្រឿងស្រវឹង ហើយការទទួលទានថ្នាំបំបាត់ការឈឺចាប់ និងថ្នាំផ្សះច្រើន ក៏បណ្តាលឲ្យមានជំងឺរលាកក្រពះផងដែរ។
ក្នុងនោះផងដែរ អ្នកមានបញ្ហាជំងឺប្រព័ន្ធរំលាយអាហារ ដែលបានចូលរួម នៅក្នុងកម្មវិធីនេះ បានលើកឡើងថា នេះគឺជាកម្មវិធីដ៏ល្អមួយ ជាពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានភាពខ្វះខាតថវិកា នៅក្នុងការព្យាបាលជំងឺ។
គួរជម្រាបថា នៅខែតុលាខាងមុខនេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ នឹងប្រារព្ធកម្មវិធីសប្បុរសធម៌មួយទៀត ពាក់ព័ន្ធនឹងជំងឺសន្លាក់ឆ្អឹង ដោយមានការចូលរួមពិនិត្យ និងព្យាបាលពីវេជ្ជបណ្ឌិតឯកទេសសន្លាក់ មកពីមន្ទីរពេទ្យជោរ៉ៃវៀតណាម៕