(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមជាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្ទុះនៃការចូលរួមបរិច្ចាគថវិការបស់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា។ ការលើកឡើងរបស់លោក ប៉ែន បូណា នៅពេលនេះបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយបណ្ដាញព័ត៌មាន Fresh News ។

ឆ្លើយចំពោះការចោទប្រកាន់មកលើរដ្ឋាភិបាល ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលថាការបើកទទួលមូនិធិពីសំណាក់ប្រជាពលលរដ្ឋនាពេលនេះ គឺមកពីរដ្ឋាភិបាលអស់ប្រាក់ ឬ គ្មានប្រាក់នោះ លោក ប៉ែន បូណា ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ៗថា «នេះគឺជានយោបាយញុះញង់ដដែលៗរបស់ក្រុមនេះតែប៉ុណ្ណោះ ហើយការទទួលចំណែកថវិកា ពីប្រជាពលរដ្ឋនាពេលនេះ គឺគ្រាន់តែជាផ្នែកមួយដែលប្រជាពលរដ្ឋ អាចបង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះការការពារបូរណភាពទឹកដី និងបង្ហាញពីជញ្ជាំងប្រជាជនដ៏រឹងមាំ ក្នុងការការពារព្រំដែនប្រទេសតែប៉ុណ្ណោះ។ ចំពោះថវិកាអភិវឌ្ឍន៍វិញ នេះគឺជាចំណែកទឹកចិត្តរបស់ប្រជាពលរដ្ឋបន្ថែមពីលើថវិកាជាតិ ដែលរាជរដ្ឋាភិបាលមានក្នុងការអភិវឌ្ឍប្រទេស អភិវឌ្ឍន៍ព្រំដែន តាមផែនការដែលមានស្រាប់តែប៉ុណ្ណោះ»។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖