(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីស្វែងយល់ពីបញ្ហាប្រឈមកង្វល់ និងរកដំណោះស្រាយរួមគ្នា លើបញ្ហាដែលបានលើកឡើងដោយបណ្តាម្ចាស់សហគ្រាសធុនតូច និងមធ្យម។
កិច្ចប្រជុំនេះដែលរៀបចំឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដឹកដោយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងរដ្ឋាភិបាល និងឧកញ៉ា តែ តាំងប៉ តំណាងវិស័យឯកជន។
តាមរយៈកិច្ចប្រជុំនេះ បញ្ហាប្រឈម សំណូមពររបស់ SMEប្រមាណ២០ចំណុច ត្រូវបានវិស័យឯកជនលើកឡើង ដើម្បីស្វែងរកដំណោះស្រាយនិងការអន្តរាគមន៍ពីរាជរដ្ឋាភិបាល។ បញ្ហាដែលលើកយកពិភាក្សា និងដោះស្រាយរួមមាន ផលពិបាកក្នុងការទទួល បាន ហិរញ្ញ ប្ប ទានពីធ នាគារ សម្រាប់ពង្រីកអាជីវកម្ម , បញ្ហាតម្លៃ អគ្គិសនីខ្ពស់ដែលប៉ះពាល់ដល់ថ្លៃដើមផលិត, បញ្ហា នាំចូលអំបិលពីប្រទេសជិតខាងដែលនាំឱ្យតម្លៃអំបិលក្នុងស្រុកធ្លាក់ចុះ , កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័ន សាធារណៈ, សំណើរ សុំ ឱ្យ កម្ពុជា ចូល ជាមសមាជិក ISO Member Bodies, ការក្លែងបន្លំប្រភព ដើម នៃ ផលិតផល ដើម្បី នាំ ចេញ, បញ្ហាប្រកួតប្រជែងមិនស្មើភាព, ការរុញផលិតផលចូលជាទីផ្សារធំ, ការចុះ (ចបផ) ,ការធ្វើតេស្តផលិតផល, និងចុះអធិការកិច្ចពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាដើម ។
ឧកញ៉ា តែ តាំងប៉ អនុ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសល្អមួយ ដើម្បីធ្វើការរួមគ្នា ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាដែលវិស័យឯកជន បានជួបប្រទះ។
លោក ហែម វណ្ណឌី បានថ្លែងថា កន្លងមក សហគ្រាសធុនតូច និងមធ្យមបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយបញ្ហាដែលលោកកត់សម្គាល់ថា SMEកម្ពុជាជួបប្រទះធំជាងគេ គឺការប្រកួតប្រជែង ទាំងការប្រកួតប្រជែងជាមួយការនាំចូលទំនិញ និងការប្រកួតប្រជែងការធ្វើធុរកិច្ច។
លោក បានលើកឡើងថា នាពេលខាងមុខប្រទេសកម្ពុជា គ្រោងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលនឹងធ្វើឱ្យភាពអនុគ្រោះដែលកម្ពុជាធ្លាប់មាននឹងត្រូវបានកាត់បន្ថយ ,លក្ខខណ្ឌតម្រូវទីផ្សារផ្សេងៗ នឹងត្រូវបានរិតបន្តឹង ហេតុនេះហើយ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវរៀបចំខ្លួនឱ្យបានល្អដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយគេ ព្រោះផលិតផលដែលមិនអនុលោមតាមគុណភាណស្តង់ដារ នឹងមិនអាចចូលទៅក្នុងទីផ្សារបានទេ ៕