(ស្វាយរៀង)៖ កសិករអ្នកដាំបន្លែ នៅស្រុកស្វាយជ្រំខេត្តស្វាយរៀង បានស្នើដល់អាជ្ញាធរខេត្ត ជាពិសេសលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មេត្តាផ្តល់បច្ចេកទេស និងជួយផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីប្រជាកសិករអាចប្រកបមុខរបរកសិកម្មដាំបន្លែ ដែលអាចរកប្រាក់បង្វិលបានទាន់ពេល។
ការស្នើរបស់ប្រជាកសិករដាំបន្លែនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំបែបនេះ នៅរសៀលថ្ងៃទី២៨ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីបន្លែរបស់ពួកគាត់ នៅឆ្នាំ២០២៤នេះ ពុំសូវបានទិន្នផល។
បើតាមកសិករឈ្មោះ សុក សាំ ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បានឲ្យដឹងថា គាត់ប្រកបមុខរបរដាំដំណាំបន្លែ នេះរយៈពេលជាង២០ឆ្នាំមកហើយ នៅលើផ្ទៃដីទំហំ៧០អា ដាំដំណាំវិលជុំ។ បន្លែដែលគាត់បានដាំរួមមាន៖ ត្រសក់ផ្អ ត្រឡាច ននោងជ្រុងនិង សណ្តែកគួរ ដោយចំណាយដើមទុន ទៅលើ បង្គោល ខ្សែជរ័ ថង់ផ្លាស់ស្ទេច សំណាញ់ (សម្រាប់ធ្វើទ្រើង និងគ្របរង) គ្រាប់ពូជ ជីកសិកម្ម ថ្នាំការពារសត្វល្អិត ទុយោ សម្រាប់បូមទឹកស្រោចស្រប់ សរុបអស់១២លានរៀល។
កសិករដដែលបានឲ្យដឹងទៀតថា ក្នុង១ឆ្នាំ ដាំបន្លែបាន៣ដង ចំពោះវត្តនៃដំណាំ ត្រសក់ រយៈពេល១ខែ៣ថ្ងៃបានទទួលផល ត្រសក់ផ្អ ក្នុង១គីឡូក្រាមលក់បោះដុំ បាន២,០០០រៀល បើលក់រាយបាន២,៥០០រៀលក្នុង១គីឡូ។ ចំពោះ ននោងជ្រុង និងត្រឡាច មានអាយុ ១ខែកន្លះបានទទួលផល ក្នុង១គីឡូ លក់បោះដុំបានតម្លៃ២,០០០រៀល រីឯសណ្តែកគួ ១គីឡូ តម្លៃ៤,០០០រៀល។
លោក សុក សាំ បានលើកឡើងទៀតថា រយៈពេល២ឆ្នាំមកនេះមុខរបរដំណាំរបស់គាត់គឺ ខាតទុនចាប់ពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ដោយកត្តាអាកាសធាតុ រដូវប្រាំងក្តៅខ្លាំង ខ្វះទឹកស្រោចស្រប់ដំណាំបន្លែ ប្រើប្រាស់ទឹកអណ្តូង ពេលរដូវវស្សា ម្តងភ្លៀងខ្លាំង ម្តងរាំង ពេលភ្លៀងខ្លាំងជោគជាំត្រូវរលួយដំណាំគ្មានទិន្នផល ពេលលក់បានប្រាក់បន្តិចបន្តួចគ្រាន់តែសង ថ្លៃប្រេង ថ្លៃជី ថ្លៃថ្នាំ ថ្លៃពូជ និងផ្គត់ផ្គង់ជីវភាពគ្រួសារ រយៈពេល២ឆ្នាំនេះខាតបង់ដើមទុនក្នុង១ឆ្នាំ១២លានរៀល ត្រូវលក់គោ សងប្រាក់ធនាគារ កម្ចីពីធនាគារធ្វើដើមទុន១២លានរៀល សម្រាប់ប្រកបមុខរបរ២ឆ្នាំ ដោយសម្ភារៈ រៀបចំទ្រើងននោង ត្រសក់ ត្រឡាចនិងសណ្តែកគួរ បានតែ២ឆ្នាំត្រូវពុកខូច ត្រូវខ្ចីប្រាក់បន្ថែមមកប្រកបមុខរបរ។
លោក សុក សាំ បានបន្តថា កាលពីមុនគឺរយៈពេល២០ឆ្នាំ មុខរបរដាំដំណាំបន្លែនេះ ល្អប្រសើរ ដាំឆ្នាំដំបូង លក់បន្លែ ហើយបានប្រាក់សងធនាគារវិញខ្លះឆ្នាំទី២ គឺបានចំណេញ គិតជាមធ្យម ក្នុង១ឆ្នាំ ធ្វើ៣ដង អាចចំណេញបាន១០លានរៀល (២ឆ្នាំសរុប២០លានរៀល) ឆ្នាំខ្លះអាចចំណេញបានរហូត១២លានរៀល។ ក៏ប៉ុន្តែនៅឆ្នាំ២០២៣.២០២៤នេះ ដំណាំបន្លែ ខាតរាល់ខែ សម្ភារៈធ្វើទ្រើងឡើងថ្លៃ ជីកសិកម្ម ក៏ថ្លៃ ថ្នាំការពារសត្វល្អិតក៏ថ្លៃ ដាំបន្លែទិន្នផលទាប ហើយគ្មានទីផ្សារ ឈ្មួញកណ្តាលទម្លាក់តម្លៃ ក៏ប៉ុន្តែនៅក្នុងផ្សារបន្លែមានតម្លៃថ្លៃគូសម។ ដូច្នេះដាំបានលក់បានប្រាក់គ្រាន់តែផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងសម្រាប់ព្យាបាលជម្ងឺ ត្រូវខ្វះប្រាក់បង់ឲ្យធនាគារ ដូច្នេះត្រូវលក់គោ សងធនាគារផងដែរ។
ចំណែកកសិករឈ្មោះសុខ សំ ភេទប្រុសអាយុ៥៦ឆ្នាំនៅភូមិតាស្អាងឃុំចំឡង បានឲ្យដឹងថា គាត់ប្រកបមុខរបរដាំបន្លែនេះជាង២០ឆ្នាំមកហើយដែរ ដាំនៅលើផ្ទៃដីកន្លះហិកតា គាត់ប្រើប្រាស់ដើមទុន៨លានរៀល ក្នុងការរៀបចំដី ទិញសម្ភារៈធ្វើទ្រើង និងកៅស៊ូ ក្រាលរង សំណាញ់ធ្វើរបង ដំណាំមាន ត្រសក់ ត្រឡាច ននោងជ្រុង និងសណ្តែកគួរ ក្នុង១ឆ្នាំដាំ៣ដង គិតជាមធ្យម ក្នុង១រដូវ (២ខែទៅ០៣ខែ) រកប្រាក់ចំណូលបាន៤លានទៅ៥លានរៀលក្នុង១ឆ្នាំ (០៣រដូវ) អាចរកប្រាក់ចំណូលបាន១២លានរៀលទៅ១៤លានរៀល ហើយក្នុង១ឆ្នាំត្រូវផ្អាកការដាំដុំរយៈពេល៣ខែ ចាប់ពីចុងខែ៩ដល់ចុងខែ១១ ទឹកលិច។
លោកបានបញ្ជាក់ថា ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះគឺពីដើមឆ្នាំ២០២៣ .២០២៤នេះ ដំណាំបន្លែ ទិន្នផលធ្លាក់ចុះ មកពីកត្តាធម្មជាតិក្តៅខ្លាំងខ្វះទឹកស្រោច ពីដើមគឺបូមទឹកពីព្រែកមកស្រោច ក៏បន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកធំម្នាក់គេមកទិញដីមាត់ព្រែកដីចំណីព្រែក ទប់ធ្វើស្រះចិញ្ចឹមត្រីនិងធ្វើរបងបិទ ទើបប្រជាកសិករអ្នកដាំបន្លែគ្មានទឹកប្រើប្រាស់ត្រូវបុកអណ្តូង បូមស្រោចបន្លែទើបបន្លែថយទិន្នផល ហើយ២ឆ្នាំនេះគ្រាន់តែទប់ទល់ថ្លៃជីថ្លៃពូជនិងផ្គង់ផ្គង់ជីវភាពប្រចាំថ្ងៃមិនជំពាក់គេ៕