(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា រួមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា តាមបណ្តោយប្រឡាយមេចារឹក ក្នុងភូមិស្យា ឃុំស្យា និងសហគមន៍ដំណាំដាំដុះបន្លែសុវត្ថិភាព ក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រោយពិនិត្យជាក់ច្បាស់ លោក ខូយ រីដា ឃើញថា មានហ្វូងសត្វមមាច បាននឹងកំពុងយាយីដំណាំស្រូវប្រជាកសិករនៅតំបន់ខ្លះ ដែលត្រៀមនឹងប្រមូលផលនាប៉ុន្មានខែខាងមុខ, ត្រង់ចំណុចនេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ ចំពោះបញ្ហាសត្វល្អិត ដែលបំផ្លិចបំផ្លាញដំណាំស្រូវប្រជាកសិករយើង។

ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មភូមិ នៅពេលដែលបានឃើញប្រភេទសត្វល្អិត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីមានវិធានការទប់ស្កាត់ បានទាន់ពេលវេលា។

ពិតណាស់ប្រជាពលរដ្ឋយើងបច្ចុប្បន្ន មានការយល់ដឹងខ្ពស់ និងបានផ្លាស់ប្តូរឥរិយាបថ មកបរិភោគចំណីអាហារ ដែលមានស្តង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញ ក៏មានសេចក្តីត្រូវការម្ហូបអាហារ ដែលមានសុវត្ថិភាពផងដែរ។

ក្នុងន័យនេះដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតរមួត ពីគ្រប់ដៃគូរពាក់ព័ន្ធ រួមទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍ជាដើម ទើបសម្រេចទៅបាន។ លោកក៏បានអំពាវនាវ ដល់ប្រជាកសិករឱ្យប្រើប្រាស់អស់លទ្ធភាព នូវជីធម្មជាតិ សម្រាប់ដំណាំស្រូវ ឬដំណាំរួមផ្សំផ្សេងៗ។

បន្ថែមពីនោះ លោកក៏បានស្នើដល់បងប្អូនប្រជាកសិករដែលដាំដុះបន្លែ ត្រូវគិតគូរពីការដើមឈើជាម្លប់ និងជារបាំងទប់ខ្យល់សុវត្ថិភាព។

បើយោងតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវវស្សា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៖

ទី១៖ ដំណាំស្រូវវស្សា៖ ភ្ជួររាស់សរុប១៣៧,៥០៣ហិកតា អនុវត្តដាំដុះបាន១៣៧,៥០០ហិកតា ស្មើនឹង១០៩.៧៩% នៃផែនការ១២៥,២៤០ហិកតា ក្នុងនោះផ្ទៃដីខូចខាត មានចំនួន៤៤៥ហិកតា។ ជាមួយគ្នានោះ បានច្រូតកាត់ប្រមូលផល បានចំនួន២,៣៧១ហិកតា ស្មើនឹង១.៧៣% ទិន្នផលមធ្យម៤.១តោន (ចំពោះតំលៃស្រូវ OM១,០៦០-១,១១០រៀល/គីឡូក្រាម)។ ប្រៀបធៀបឆ្នាំ២០២៣ ការងារភ្ជួររាស់ បានចំនួន១៣៨,៧៧៥ហិកតា អនុវត្តបាន១៣៦,៣២២ហិកតា និងច្រូតកាត់បាន១៧,៨០៦ហិកតា។

ទី២៖ ដំណាំរួមផ្សំ/សាកវប្បកម្ម ជាលក្ខណ:គ្រួសារ អនុវត្តបាន១,០៧២ហិកតា ស្មើនឹង៨៩.០៤% នៃផែនការចំនួន ១,២០៤ហិកតា ក្នុងនោះបន្លែគ្រប់មុខ៣០៩ហិកតា ប្រៀបធៀបឆ្នាំ២០២៣ អនុវត្តបានចំនួន១,១២០ហិកតា ក្នុងនោះបន្លែគ្រប់មុខ៤៥១ហិកតា។

ទី៣៖ ដំណាំឧស្សាហកម្ម ជាលក្ខណៈគ្រួសារ ៖ អនុវត្តបានចំនួន៣៥,៦៦៩ហិកតា ស្មើនឹង១៤៧.១០%  នៃផែនការ ២៤,២៤៨ហិកតា ប្រៀបធៀបឆ្នាំ២០២៣ អនុវត្តបាន២៦,៥២៩ហិកតា ស្មើនឹង១៣៧.៦០% នៃផែនការ១៩,២៨០ហិកតា៕