(កំពង់ធំ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង ២,៨០០ម៉ែត្រ នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទូង បានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមវិភាគទានក្នុងការថែរក្សា និងអភិវឌ្ឍន៍ផ្លូវសាធារណៈ
លោកក៏បានអំពាវនាវបន្ថែម ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួមធ្វើជាអ្នកតាមដានត្រួតពិនិត្យ ជាមួយនឹងអាជ្ញាធរឃុំ ក្នុងដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលម៉ៅការ ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យាជាពិសេសប្រកបដោយគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង និងជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាតទៅ។
លោកបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនជើង ត្រូវនាំគ្នាស្ដារ ផ្លូវ អូរ ប្រឡាយចាស់ៗ ដែលបាត់បង់ឬកាន់កាប់ ឬអាស្រ័យផល ដោយអាណាធិបតេយ្យរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យក្លាយជាផ្លូវសាធារណៈ ជាប្រព័ន្ធធារាសាស្ត្រដែលសកម្មឡើងវិញ ដើម្បីជាផ្លូវទឹកជញ្ជូន និងជាប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករឲ្យបានប្រសើរឡើងវិញ។
បន្ថែមពីនោះទៀត លោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមធ្វើប្រពន្ធលូរំដោះទឹកដែលមានទំហំសមរម្យ ហើយអាចរំដោះជំនន់ទឹកភ្លៀង និងការពារផ្លូវពីការដក់ទឹកខូច ដោយសារទឹកភ្លៀងឬទឹកជំនន់ស្ទឹងស្ទោង។
គួរបញ្ជាក់ថា ផ្លូវដែលបើកការដ្ឋាននៅក្នុងឱកាសនេះ ប្រវែង ៣,៨០០ម៉ែត្រ ស្ថិតនៅក្នុងភូមិរកា ចេក និងភូមិចក រួមជាមួយនឹងលូរំដោះទឹក៥កន្លែង ហើយចែកចេញជាពីរគម្រោង ដែលគម្រោងទី ១៖ មានប្រវែង ១,១០០ម៉ែត្រ និងគម្រោងទី២៖ មានប្រវែង ២,៧០០ម៉ែត្រ ដែលបូកទឹកប្រាក់សរុបរួមអស់ចំនួន ៣២៩,៨៩០,០០០ រៀល ជាថវិកាគម្រោងមូលនិធិឃុំឆ្នាំ ២០២៤៕