(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានជម្លៀសប្រជាជនរាប់ពាន់នាក់ បិទសាលារៀន និងការិយាល័យនានា នៅទូទាំងកោះ ហើយជើងហោះហើររាប់រយ ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ ខណៈព្យុះទីហ្វុង ថ្មីមួយផ្សេងទៀតឈ្មោះ Megi ត្រូវបានគេព្យាករណ៍ថា បានបង្កឲ្យមានការបាក់ដីនៅភាគខាងកើត កោះតៃវ៉ាន់ នៅល្ងាចថ្ងៃអង្គារនេះ ប៉ុន្តែវាបានជះឥទ្ធិពលជាបណ្តើរៗរួចទៅហើយមកលើកោះតៃវ៉ាន់ ដោយបានបណ្តាលឲ្យមនុស្សចំនួន ៣២នាក់ទទួលរងរបួស។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់តៃវ៉ាន់បានប្រាប់ថា ប្រជាជនច្រើនជាង ៥,៣០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយប្រហែល ២,០០០នាក់ កំពុងស្ថិតនៅ ទីជម្រកសុវត្ថិភាព ខណៈមកដល់ពេលនេះ ផ្ទះប្រមាណ ៩៥,០០០ខ្នង បានដាច់ចរន្តអគ្គិសនី ដោយសារតែឥទ្ធិពលព្យុះខាងលើ។
បន្ថែមពីនេះទៀត ជើងហោះហើរជាតិនិងអន្តរជាតិសរុបចំនួន ៥៧៥ ត្រូវបានលុបចោល គិតត្រឹមព្រឹក ថ្ងៃអង្គារនេះ និងចំនួន ១០៩ជើងទៀតត្រូវបានពន្យារពេល ចំណែកឯជើងធ្វើដំណើរតាមរថភ្លើង ក៏ត្រូវបានផ្អាកដូចគ្នា។ ដោយឡែកភ្ញៀវទេសចរប្រមាណ ៣,៧០០នាក់ ត្រូវបានជម្លៀសចេញពីកោះ Orchid Island និង Green Island ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ។
គួរបញ្ជាក់ដែរថា តៃវ៉ាន់ទើបតែទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុង Meranti ដែលជាព្យុះទីហ្វុង សាហាវជាងគេនៅក្នុងឆ្នាំ២០១៦ កាលពីដើមខែកញ្ញានេះប៉ុណ្ណោះ។ ព្យុះទីហ្វុងនេះ បានឆក់យកជីវិត មនុស្សម្នាក់នៅតៃវ៉ាន់ មុនពេលដែលវាបានបន្តផ្តាច់យកជីវិតមនុស្ស ចំនួន២៨នាក់ទៀត រួចក៏ឆ្ពោះទៅកាន់ ភាគខាងកើតប្រទេសចិន៕