(ភ្នំពេញ)៖ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងលោក ខិញ ហង្សហួន រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក សុខ លូ អភិបាលខេត្តបាត់ដំបូង នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បាននិមន្តព្រះមន្រ្តីសង្ឃនិងព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សានៅខេត្តបាត់ដំបង ដើម្បីសួរសុខទុក្ខព្រះមន្រ្តីសង្ឃ និងភិក្ខុសាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តទាំងមូល។
ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង ស្រុក និងព្រះចៅអធិការសរុប៤៣០អង្គ។
នៅក្នុងឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី មានថេរដីការំលឹកដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គថា សូមព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវការបដិបត្តិវិន័យតាមសិក្ខាបទទាំង២២៧ របស់ព្រះភិក្ខុសង្ឃ។
សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះ៖
១.ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល ហើយមិនត្រូវទុកភិក្ខុ ឬសាមណេរអង្គណាមួយចោល ដោយមិនបានទទួលបាននូវការអប់រំឡើយ។
២.ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឱ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើង ជាយថាហេតុ។ ចំពោះព្រះសង្ឃណាដែលបានធ្វើកិច្ចការនេះមកហើយ សូមព្រះអង្គបន្តធ្វើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយកាកបាទក្រហមឬអាជ្ញាធរតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
៣.ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ត្រូវបដិបត្តិខ្លួនទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកដែលគេប្រដៅក្រ ឬធ្វើសកម្មភាពណាមួយ ដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឱ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឱ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ។ ព្រះគ្រូចៅអធិការ ត្រូវរៀបចំវត្តឱ្យមានរបៀបរៀបរយ ប្រកបដោយសោភ័ណភាព ឱ្យសមជាទីអារាម ដែលជាទីរីករាយរបស់ពុទ្ធបរិស័ទ។
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា សូមព្រះករុណាគ្រប់អង្គសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយប្រតិបត្តធម៌វិន័យតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ពុទ្ធបរិស័ទឱ្យបានល្អដូចខ្លួនផងដែរ។
សម្ដេចព្រះពុទ្ធជ័យមុនីក៏បានប្រគេន និងអំពាវនាវដល់ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្ត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។ ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដោយកុំងាករេ នឹងចូរកុំធ្វើសកម្មភាពណាមួយនាំឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានណែនាំដល់ព្រះសង្ឃឱ្យស្វែងយល់អំពីប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ខុសគោលដៅដែលនាំឱ្យធ្លាក់ចុះនៅតម្លៃ ព្រះពុទ្ធសាសនាក្នុងសង្គម។ សូមព្រះករុណាគ្រប់អង្គ ត្រូវចូលរួមថេរក្សាសម្បត្តិបេតិកភ័ណ្ឌជាតិ ក្នុងព្រះពុទ្ធសាសនា ដែលតាំងនៅក្នុងវត្តអារាមយើងមានអាយុកាលរាប់រយឆ្នាំមកហើយ។ ចូរភ្ញាក់រលឹកឡើងវិញ នូវស្មារតីជាតិ ស្មារតីអ្នកស្រឡាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសឱ្យបានរឹងមាំ ជាសសរស្ដម្ភដល់សង្គមជាតិ។
លោករដ្ឋលេខាធិការ ខិញ ហង្សហួន បាននាំនូវការផ្តាំផ្ញើនិងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។
សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង។
លោក សុខ លូ អភិបាល បានធ្វើរបាយការណ៍ស្វាគមន៍ និងមតិសំណេះសំណាលប្រគេនដល់អង្គពិធី អំពីការប្រតិបត្តិធម៌វិន័យ ការអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់មន្រ្តីសង្ឃក្នុងខេត្ត ក្រុង ស្រុក និងវត្តអារាម។ លោករំលឹកអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលតែងតែជួបចម្បាំងរាំងជល់គ្រប់របបសម័យកាល គ្រប់ពេលប្ដូររបបដឹកនាំ។ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកែប្រែប្រវត្តិសាស្ត្រ ពីប្រទេសដែលតែងតែជួយចំបាំងរំាងជល់ មកជាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលពុំធ្លាប់មានគ្រប់សម័យកាលប្ដូររបបដឹកនាំ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំពោះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចំរើនជាលំដាប់ បន្តរហូតដល់សម្ដេចមហាបវរធិតធី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕