(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទ្រព្យសម្បត្តិឌីជីថល ដែលមានមូលដ្ឋាននៅប្រទេសថៃ។

ការចុះហត្ថលេខានេះធ្វើឡើងនៅសណ្ឋាគារ Novotel រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រវាងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Sakolkorn Sakavee ប្រធានក្រុមហ៊ុន Bitkub Capital Group Holdings។ កម្មវិធីនេះក៏មានការចូលរួមក្រោមអធីបតីភាពលោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bitkub Capital Group Holdingsផងដែរ។

ការចុះហត្ថលេខាភាពជាដៃគូដែលឈានមុខគេនេះ មានគោលបំណងផ្តល់នូវវេទិកាដ៏រឹងមាំមួយសម្រាប់សេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាចដំណើរការបាននិងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមក្រុមហ៊ុន Bitkub ជាអ្នកឈានមុខគេលើទីផ្សារ និងមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅប្រទេសថៃ រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្ររបស់ក្រុមហ៊ុន WorldBridge Group អំពីទិដ្ឋភាពធុរកិច្ចក្នុងស្រុករបស់ប្រទេសកម្ពុជា បានធ្វើឲ្យការការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម Bitkub។ ភាគីទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។

ផលប័ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អ សម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅក្នុងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

* អំពី WorldBridge Group
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ ជាមួយនឹងចំណាប់អារម្មណ៍ចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងច្រើនទៀត គ្រុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។

* អំពី Bitkub Capital Group Holdings
Bitkub Capital Group Holdings Co., Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា blockchain និងទ្រព្យសម្បត្តិឌីជីថលឈានមុខគេនៅក្នុងប្រទេសថៃ។ Believe & Beyond ជំរុញយើងឆ្ពោះទៅរកគោលដៅរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងភ្ជាប់ឱកាសរវាងពិភពលោកចាស់ និងពិភពឌីជីថល ដែលមនុស្សអាចឆ្លងកាត់ដោយសុវត្ថិភាព និងទំនុកចិត្ត។ មិនត្រឹមតែនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្ដោតលើកម្រិតពិភពលោកផងដែរ៕