(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចារឹក (MC2) និងសំណង់សិល្បការមួយចំនួន ដែលបម្រើដល់ការងារបង្កបង្កើនផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា ប្រឡាយមេចារឹក ជាប្រឡាយមេចាស់វស្សា ដែលកសាងឡើងក្នុងឆ្នាំ១៩៧៧ មានតួនាទីទទួលយកទឹកពីស្ទឹងពោធិ៍សាត់ និងផ្ទៃរងទឹកភ្លៀង ក្នុងតំបន់ជួរភ្នំក្រវាញ មកធ្វើការស្រោចស្រពបន្ថែម លើផ្ទៃដីកសិកម្មក្នុងស្រុកកណ្ដៀង ប្រមាណ៥ពាន់ហិកតា។ កាលពីអំឡុងរដូវវស្សាឆ្លាំកន្លងៗទៅ ប្រឡាយមេចារឹក បានទទួលរងជំនន់ទឹកភ្លៀង ពីជួរភ្នំក្រវាញ បណ្ដាលឱ្យហូរច្រោះដាច់ភ្លឺ និងតួប្រឡាយជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការឆ្លងកាត់ទៅមក និងខ្វះទឹកប្រើប្រាស់ ក៏ដូចជាការស្រោចស្រពការងារបង្កបង្កើនផលកសិកម្ម។

ក្រោយពីការស្ដារប្រឡាយមេនេះឡើងវិញ ប្រជាពលរដ្ឋប្រមាណ ជិត២ពាន់គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្ដៀង ទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែម លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន៩៧៥ហិកតា ស្រូវប្រាំងចំនួន១,១២៥ហិកតា និងដំណាំរួមផ្សំចំនួន២០ហិកតា។ ដោយឡែកភ្លឺប្រឡាយមេ បានក្លាយជាផ្លូវ សម្រាប់ធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងនេះ សម្រេចបាន១០០%ហើយ ដែលក្នុងនោះរួមមាន៖
ទី១៖ ការស្ដារប្រឡាយមេ ប្រវែង៥ពាន់ម៉ែត្រ
ទី២៖ ជួសជុលភ្លឺប្រឡាយមេសងខាង ប្រវែង៥ពាន់ម៉ែត្រ
ទី៣៖ ក្រាលក្រួសក្រហម ប្រវែង៥ពាន់ម៉ែត្រ
និងទី៤៖ ជួសជុល និងសាងសង់សំណង់សិល្បការ្យ ចំនួន៣កន្លែង។

ឆ្លៀងក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បាននាំយកអង្ករ មី និងថវិកាមួយចំនួន ដើម្បីចូលរួមបុណ្យសពបងប្អូនគ្រួសារកសិករ ដែលទើបនឹងទទួលមរណភាពថ្មីៗ ក្នុងភូមិព្រៃសង្គម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕