(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទទួលអង្ករចំនួន ១៦តោនពីក្រុមហ៊ុន UK CONDO ដែលបានចំណាយទឹកប្រាក់ ទិញអង្ករផ្កាម្លិះលេខ១ ពីខេត្តបាត់ដំបង ដើម្បីយកទៅចែកជូនដល់មន្ត្រីរាជការ ក្នុងមន្ទីរពេទ្យដែលដឹកនាំ ដោយលោក ឌី រ៉ាដា នាយកប្រតិបត្តិក្រុមហ៊ុនUK CONDO នឹងលោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្សី ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុន UK CONDO នឹងមន្ត្រីរាជការក្នុងមន្ទីរពេទ្យផងដែរ។
ថ្លែងក្នុងពិធីចែកប្រគល់អង្ករជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត( មន្ទីរពេទ្យរុស្សី) លោក ឌី រ៉ាដា បានថ្លែងថា ការដែលក្រុមហ៊ុន UK CONDO ចែកអង្ករមនុស្សដល់មន្ទីរពេទ្យរុស្សីនេះគឺទី១ ដោយក្រុមហ៊ុនរបស់លោក បានមើលឃើញពី ការខិតខំប្រឹងរបស់បុគ្គលិក និងថ្នាក់ដឹកនាំក្នុងមន្ទីរទាំងអស់ បានយកចិត្តទុកដាក់ចំពោះ ការព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋកន្លងមក ហើយក៏ជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យផងដែរ ទី ២ ដោយសារតែមើលឃើញពីបញ្ហា ដែលប្រជាកសិករកំពុងជួបប្រទះ បញ្ហាទីផ្សារលក់អង្ករ នឹងឆ្លើយតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដូច្នេះក្រុមហ៊ុន UK CONDO បានទិញអង្ករពីរោងម៉ាស៊ីនយកមកចែកជូន ហើយម្យ៉ាងវិញទៀតអង្ករទាំងនេះ គឺជាអង្ករក្នុងស្រុក ហេតុនេះចង់ឲ្យប្រជាជនទូរទាំងប្រទេស មិនថាមានឬក្រ ឲ្យស្គាល់ពីរស់ជាតិ អង្ករផ្កាម្លិះរបស់ខ្មែរ ជាអង្ករលេខ១ដែលនាំមកពីខេត្តបាត់ដំបង។ លោកនាយកក្រុមហ៊ុនបានបន្តថា អង្ករទាំងនេះទិញមកពីរោងម៉ាស៊ីនក្នុង១តោនតម្លៃ ៧០០ដុល្លារ ហើយពេលនេះ យកមកចែកជូនដល់មន្ទីរពេទ្យ១៦តោន សរុបជាទឹកប្រាក់១១២០០ ដុល្លារ។
លោកបញ្ជាក់ថា ក្រុមហ៊ុនលោកដករាល់ប្រាក់ចំណេញ ចំនួន៣០ភាគរយ ពីក្រុមហ៊ុនយកទៅចូលរួមសកម្មភាព មនុស្សធម៌ ហើយការចែកអង្ករមនុស្សធម៌របស់ក្រុមហ៊ុន UK CONDO នេះជាលើកទី២ហើយ ដោយកន្លងមកក្រុមហ៊ុន បានចែកសម្ភារដល់ប្រជាពលរដ្ឋ ដែលមកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ គន្ទះបុប្ភាម្តងរួមទៅហើយ។ ជាមួយគ្នានោះ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតតំណាងឲ្យបុគ្គលិកមន្ទីរពេទ្យទាំងអស់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន UK CONDO ក៏ដូចអតិថិជនដែលទិញ CONDOពីក្រុមហ៊ុនUK នេះ បានគិតគូរនឹងយកចិត្តទុកដាក់ផ្តល់ អង្ករដល់មន្ទីរពេទ្យរបស់លោកដើម្បី ចែកជូនដល់បុគ្គលិក ជាការលើកកម្លាំងចិត្តអោយបន្ត ខិតខំប្រឹងប្រែផ្តល់សេវាការព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕