(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បាននាំកូនឈើប្រណិតប្រមាណ៥,០០០ដើម ចែកជួនលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៃសាលាបច្ចេកទេស «ដុនបូស្កូ» ខេត្តកែប យកទៅបន្តការដាំបន្ថែមទៀត ដើម្បីបង្កើនភាពបៃតងនៅបរិវេណសាលា ក្នុងការលើកម្ពស់សោភណ្ឌភាពក្រុងទាំងមូល។ កន្លងទៅកូនឈើប្រណិត និងកូនដើមក្ងោកជាដើម ត្រូវបានអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានដាក់ដាំនៅទូទាំងខេត្តកែប តាមរយៈការបំផុសចលនាមហាជនគ្រប់ស្រទាប់វណ្ណៈអោយចូលរួម។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា សកម្មភាពទាំងនេះជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើឡើងវិញ នៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន។

ដោយឡែក ខេត្តកែប ការបន្តចែកកូនឈើទាំងនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើឲ្យខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតងជាដើម។ ទន្ទឹមនេះ រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាក់លើ ការពង្រីកភាពបៃតង ដោយផ្តោតលើការពង្រឹងចលនាដាំដើមឈើតាមរយៈការបំផុសឱ្យមានការដាំដើមឈើនៅក្នុង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សាលារៀន តាមលំនៅដ្ឋាន ដើម្បីជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

​គួបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយបានចូលរួមបណ្តុះកូនឈើ ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បីឱ្យប្រទេសកម្ពុជា មានគម្របព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០៕