(ភ្នំពេញ)៖ កម្ពុជាសាទរពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាពីសំណាក់ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន ក្នុងគោលបំណងបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់សម្រាប់សិស្សនៅកម្ពុជា និងសិស្សមកពីប្រទេសចិន។

ការសាទរនេះត្រូវបានរំលេចឡើងក្នុងពីធីសម្ពោធក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន ក្រោមប្រធានបទ «មិត្តភាពកម្ពុជា-ចិន អប់រំដើម្បីអនាគត ផ្តល់ភាពកក់ក្តៅដល់គ្រួសារអ្នក» ដោយមានការចូលរួមពីលោក​ ម៉ៅ​ វណ្ណះ​ ទីប្រឹក្សាកិត្តិយស​សាលា​ ហ៊ួស៊ីន អន្តរជាតិ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅបុរី Grand Phnom Penh city។

លោក ស៊ូ ហ៊ូ នាយកសាលាហ៊ួស៊ីន បានថ្លែងថា ផ្នត់គំនិតរបស់សាលា គឺតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ វប្បធម៌ និងភាពរីកចម្រើន ដើម្បីពង្រឹងដល់ការអភិវឌ្ឍ ដោយបានបញ្ចូលបច្ចេកវិទ្យាសំខាន់ៗចំនួន៤ និងបានទទួលយកការបង្រៀនមាន៣ភាសា គឺចិន អង់គ្លេស និងភាសាខ្មែរ។ ដើម្បីបណ្តុះសិស្សឲ្យពូកែ ក្នុងគោលបំណងបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់សម្រាប់សិស្សមកពីប្រទេសកម្ពុជា និងប្រទេសចិន។

លោក លាវ អឺលី ប្រធានកិត្តិយសសាលាក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេ សិនណល ស្គូល (ខេមបូឌា) ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ ព្រមទាំងបានអះអាងយ៉ាងពេញទំហឹងនូវសារៈសំខាន់នៃការបង្កើតស្ថាប័នអប់រំនេះ។ លោកសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់ធនធានអប់រំដែលមានគុណភាពខ្ពស់បំផុត ជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សគ្រប់រូបនៅទីនេះមានអនាគតភ្លឺស្វាង។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសម្របសម្រួលដល់ការអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច ការបង្កើតសាលានេះឆ្លើយតបនឹងតម្រូវការធនធានមនុស្សរបស់ប្រទេសកម្ពុជា ដើម្បីជាស្ពាននៃវេទិកានេះក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី។

ពិធីកាត់ខ្សែបូបានបង្ហាញពីភាពជោគជ័យជាផ្លូវការរបស់ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេសិនណល ស្គូល (ខេមបូឌា) និងបានប្រកាសពីជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំ កម្ពុជា-ចិន។ គណៈអធិបតី និងភ្ញៀវកិត្តិយសក៏ទៅទស្សនាសម្ភារៈបរិក្ខារក្នុងបរិវេណសាលា និងសិក្សាពីទស្សនវិជ្ជា និងផែនការអភិវឌ្ឍន៍របស់សាលា ហើយពួកគេ បានសរសើរវាយតម្លៃខ្ពស់អំពីបរិក្ខារអប់រំដ៏ទំនើបរបស់សាលា និងបរិយាកាសសិក្សាល្អប្រសើរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះ លោកប្រធាន Yang Zhenhua បានរៀបរាប់លម្អិតអំពីអត្ថប្រយោជន៍ និងផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេសិនណល ស្គូល (ខេមបូឌា) ដោយលោកបានបញ្ជាក់ថា សាលាបានបញ្ចូលនូវធនធានអប់រំថ្មីៗតាមស្តង់ដារអន្តរជាតិ និងបង្កើតប្រព័ន្ធកម្មវិធីសិក្សាចម្រុះ ដើម្បីធានាថាសិស្សអាចអភិវឌ្ឍគុណភាពសិក្សាឲ្យទូលំទូលាយក្នុងបរិបទនៃសកលភាវូបនីយកម្ម។ លើសពីនេះ លោកក៏បានណែនាំអំពីប្រវត្តិនៃការបង្កើត និងបេសកកម្មរបស់មូលនិធិ ហ៊ួស៊ីន ក្នុងគោលបំណងផ្លាស់ប្តូរជោគវាសនារបស់មនុស្សកាន់តែច្រើនតាមរយៈមូលនិធិនេះ។ នៅពេលអនាគត ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេសិនណល ស្គូល (ខេមបូឌា) នឹងបន្តកែលម្អគុណភាពអប់រំ និងឥទ្ធិពលសង្គមរបស់សាលា ហើយខិតខំធ្វើការរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។

មូលនិធិហ៊ួស៊ីនបានប្រគល់បរិច្ចាគប័ណ្ណវគ្គសិក្សាទូទៅចំនួន២០សន្លឹក និងប័ណ្ណជំនាញចំនួន២០០សន្លឹក ទៅដល់សិស្សក្រីក្រកម្ពុជា ជួយពួកគេឲ្យបានបញ្ចប់ការសិក្សា ដើម្បីតបស្នងជូនសង្គមជាតិវិញ។ មិនត្រឹមតែបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ថែមទាំងបានសម្គាល់ថា ក្រុមហ៊ុនហ៊ួស៊ីន អ៉ីនធើណេ សិនណល ស្គូល (ខេមបូឌា) បានឈានដល់កម្រិតថ្មីមួយទៀត។ ការបង្កើតមូលនិធិហ៊ួស៊ីន ពិតជានឹងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងចិន និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែចាក់ឫសចូលយ៉ាងជ្រាវជ្រៅនៅក្នុងចិត្តរបស់ប្រជាជន៕