(កំពង់ធំ)៖ អាជ្ញាធរស្រុកសណ្ដាន់ សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងអង្គការអាដ្រា បានប្រារព្ធទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ «រួមគ្នាគាំទ្រការបំបៅកូនដោយទឹកដោះម្ដាយសម្រាប់ទាំងអស់គ្នា» ដែលបានធ្វើឡើងនៅភូមិរកាជួរ ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែជ្រាបច្បាស់ពីសារសំខាន់នៃការបំបៅកូនដោយទឹកដោះម្ដាយ។
កម្មវិធីនេះធ្វើឡើងក្រោមវត្តមានលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ លោក សែម រិទ្ធី អនុប្រធានគម្រោងយើងរួមគ្នានៃអង្គការអាដ្រា លោកវេជ្ជបណ្ឌិត កែវ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស២០០នាក់ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា គម្រោងយើងរួមគ្នា តាមរយ:មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា។
លោក សែម រិទ្ធី បានលើកឡើងថា ការរៀបចំសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ មានគោលបំណងដើម្បីពង្រឹងការយល់ដឹងរបស់ម្តាយ រួមមាន៖ ស្វែងរកមតិគាំទ្រសម្រាប់ការធ្វើឲ្យបរិយាកាសអំណោយផល (ចាប់ពីពេលសម្រាលកូននៅក្នុងមូលដ្ឋានសុខាភិបាលដល់ផ្ទះគ្រួសារនិងកន្លែងធ្វើការរបស់ម្តាយ) ចំពោះម្តាយដែលធ្វើការហើយផ្តោតលើការពង្រឹងសមត្ថភាព អ្នកដែលត្រូវគាំពារលើកកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយនៅគ្រប់កម្រិតផ្សេងៗនៃសង្គម។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងរអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល៦ខែដំបូងនៃជីវិត ក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនក្នុងតំបន់គោលដៅគម្រោងអភិវឌ្ឍន៍កុមារតូច ឈានទៅរួមចំណែកបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ «រួមគ្នាគាំទ្រ៖ ការបំបៅកូនដោយទឹកដោះម្តាយសម្រាប់ទាំងអស់គ្នា»។
លោក ស៊ិន វណ្ណវុឌ្ឍ បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយអំឡុងពេល២ឆ្នាំ នៃជីវិតដំបូងមានសក្តានុពលសង្គ្រោះជីវិតកុមារអាយុក្រោម៥ឆ្នាំ ច្រើនជាង៨២០,០០០នាក់ជារៀងរាល់ឆ្នាំ នេះបើយោងតាមឯកសាររបស់អង្គការ UNICEF ២០១៨។
លោកបន្តថា សារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយមានច្រើនរាប់មិនអស់ ចំពោះសុខមាលភាពកុមាររយៈពេលវែងទន្ទឹមនឹងនោះក៏ផ្តល់នូវការសន្សំសំចៃចំពោះគ្រឹះស្ថានថែទាំសុខាភាព ក្រុមគ្រួសារ និងរាជរដ្ឋាភិបាលផងដែរ។ ការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចបង្កើតជាខែលការពារ ប្រឆាំងនឹងការឆ្លងរោគ ធានាបាននូវការរស់រានមានជីវិតរបស់ទារកទើបនឹងកើត។ ទស្សនាវដ្ដី Lanc Breastfeeding Series ២០២៣ បានបង្ហាញអំពីអត្ថប្រយោជន៍ផ្នែកសុខភាពនៃការបំបៅកូនដោយទឹកដោះម្តាយ ចំពោះម្តាយ និងទារក គឺមានដូចគ្នាក្នុងចំណោមអ្នកមានចំណូលខ្ពស់និងមានចំណូលទាប។
លោកវេជ្ជបណ្ឌិត កែវ ដារី បានបញ្ជាក់ថា តាមរយៈការបង្វែរទិសនិន្នាការនៃការធ្លាក់ចុះការបំបៅកូនដោយទឹកដោះម្តាយ និងការបង្កើតឱ្យមានបរិយាកាសគាំទ្រសម្រាប់ម្តាយៗ កម្ពុជាអាចនឹងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខមាលភាពរបស់កុមារ។
លោកបន្តថា ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូន ដោយទឹកដោះម្តាយ ផ្តល់នូវឱកាសរួមមួយដែលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងធានាបាននូវអនាគតភ្លឺ ស្វាងសម្រាប់ទារកនៅក្នុងប្រទេសជាតិ។
លោកបន្តទៀតថា តាមដែលយើងបានសង្កេតមើលការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងសប្តាហ៍ទី១ នៃខែសីហា វាបង្ហាញពីការខកចិត្តដោយហេតុថាអត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងចំណោមទារកអាយុពី០ដល់៥ខែក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ។
នៅឆ្នាំ២០១០ អត្រាបំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់មាន ៧៤% ក៏ប៉ុន្តែវាបានធ្លាក់មកនៅត្រឹមតែ ៦៤% ក្នុងឆ្នាំ២០១៤ ហើយបន្ត ធ្លាក់ចុះមកនៅត្រឹមតែ ៥១% ក្នុងឆ្នាំ២០២១-២០២២។ បើទោះជាមានការវិនិយោគលើការថែទាំជាសារវ័ន្តលើទារក ទើបនឹងកើតតាំងដំបូងក្នុងអំឡុងពេលប៉ុន្មានទសវត្សកន្លងមកនេះ ក៏ដោយក៏ការដាក់ឱ្យទារកបៅដោះម្តាយ ភ្លាមៗបន្ទាប់ពីសម្រាលមានការធ្លាក់ចុះពី ៦៦% នៅឆ្នាំ២០១០ មកនៅត្រឹមតែ ៥៤% នៅឆ្នាំ២០២១-២០២២។ តួលេខនេះបានរំលេចឱ្យឃើញពីការបាត់បង់ឱកាស និងបញ្ជាក់អំពីតម្រូវការបន្ទាន់ក្នុងការពង្រីកការគាំទ្រផ្នែកអាហារូបត្ថម្ភ ក្នុងការថែទាំជាសារវ័ន្តលើទារកទើបកើតតាំងពីដំបូង ដែលអាចសម្រេចបានតាមរយៈការធ្វើឱ្យប្រសើរ ឡើងនូវការថែទាំមុនពេលសម្រាល ការថែទាំក្រោយសម្រាលសេវាថែទាំអំឡុងពេលសម្រាល និងការទទួលបានព័ត៌មាននិងគាំទ្រទាន់ពេលវេលា៕