(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសីហរតនារាម ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។
នៅក្នុងពិធីកាន់បិណ្ឌនោះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មន្ត្រីរាជការ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានបង្សុកូល រាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ជាពិសេសឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម។
បន្ទាប់ពីធ្វើពិធីរាប់បាត និងបួងសួងរួច លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បានជួបសំណេះសំណាលជាមួយលោកយាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីកាន់បិណ្ឌនោះ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានលើកឡើងពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ខិតខំអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ខេត្តតាកែវក៏បាននិងកំពុងតែមានការអភិវឌ្ឍន៍ផងដែរ ដោយក្នុងនោះខេត្តបានធ្វើផ្លូវបន្ថែមទៀត ហើយឆ្នាំ២០១៩ ក្រុងដូនកែវអាចនឹងមានផ្លូវកៅស៊ូគ្រប់ផ្លូវទាំងអស់។
បន្ទាប់ពីបានបញ្ចប់ពីធីសំណេះសំណាល លោកអភិបាលខេត្តតាកែវក៏បានប្រគេនអង្ករ៦តោន និងបង្គោលភ្លើងធំ៦ដើម ដើម្បីបំភ្លឺបរិវេនវត្តសីហរតនារាម។
ដោយឡែក សួនច្បានៅមុខវត្ត ខេត្តនឹងដាក់រូបព្រះអភ័យតាមការបិណ្ឌបាតរបស់ព្រះមេគណ និងព្រះអនុគណខេត្តហើយបើប្រជាពលរដ្ឋចង់ចាប់មគ្គផលចូលរួមកសាងរូបព្រះអភ័យអាចចូលរួម បានដោយយកបច្ច័យមកចូលជាមួយព្រះចៅអធិការវត្តសីហរតនារាម៕