(សៀមរាប)៖ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយវិស័យឯកជន ដឹកនាំកីឡាករគុនខ្មែរទស្សនកិច្ចនៅលើទឹកដីអង្គរ ដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់ពីក្បាច់គុនបុរាណខ្មែរ រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចគុនខ្មែរលើទឹកដីអង្គរនេះ កីឡាករ កីឡាការិនី នឹងដើរទស្សនាចម្លាក់ក្បាច់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀត និងដើរកម្សាន្តនៅក្នុងសួនរុក្ខជាតិអង្គរ, ជិះកង់នៅក្នុងព្រៃអង្គរ ព្រមទាំងរត់ឡើងភ្នំបាខែងផងដែរ។
កីឡាករ កីឡាការិនី ដែលបានមកធ្វើទស្សនកិច្ចគុនខ្មែរលើទឹកដីអង្គរនេះ រួមមាន៖ កីឡាករ ឈឿង ល្វៃ , លន បញ្ញា និងកីឡាការិនី ទូច ចាន់វត្តី និង ឆា ចាន់ដេង និងកីឡាករ កីឡាការិនីល្បុកត្តោជាច្រើនរូបទៀត។
លោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំមានបេសកកម្មមួយក្នុងការចងក្រង ស្រាវជ្រាវ និងផ្សព្វផ្សាយ ថានេះជាក្បាច់គុនបុរាណខ្មែរ ដែលមានតាំពីយូរលង់មកហើយ។ លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានបុរាណវិទូ ពន្យល់ពីចម្លាក់នៅតាមជញ្ជាំងប្រាសាទ ដែលបញ្ជាក់ពីសិល្បៈក្បាច់គុនបុរាណរបស់យើង។
លោក ធិន វិចិត្រ បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺជាទស្សនីយភាពប្លែកមួយទៀត ក្នុងទិសដៅលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ដែលបានបន្សល់ទុកពីដូនតាមក។ លោកបន្តថា ក្រៅពីជួយឱ្យកីឡាករ កីឡាការិនី និងថ្នាលកីឡា បានសិក្សាស្វែងយល់ក្បាច់គុនបុរាណដូនតាហើយនោះ អគ្គនាយកដ្ឋានកីឡា ក៏នឹងចង់ក្រងជាឯកសារបន្ថែម ដើម្បីកំណត់អត្តសញ្ញាណគុនខ្មែរឱ្យបានច្បាស់លាស់ផងដែរ។
លោក សែត សុគន្ធ អ្នកគ្រប់គ្រងសណ្ឋាគារមេម័រផាលេស រីសត បានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចរបស់កីឡាករ កីឡាការិនី គុនខ្មែរ នៅលើទឹកដីអង្គរនាពេលនេះ។ លោកបន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកីឡា គឺមានគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ ទោះជាប្រភេទកីឡាអ្វីក៏ដោយ។
លោក សែត សុគន្ធ ក៏បានសំណូមពរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមរៀបចំកម្មវិធីប្រដាល់គុនខ្មែរនៅក្នុងខេត្តសៀមរាបឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរផង ជាពិសេសជួយទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តសៀមរាបកាន់ច្រើនផងដែរ។ ដោយសារ ខេត្តសៀមរាប មានតំបន់ប្រាសាទ តំបន់ភ្នំ តំបន់ទឹក និងតំបន់ផ្សេងៗជាច្រើនទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាផងដែរ។
ជាមួយនេះដែរ កីឡាករ លន បញ្ញា បានលើកឡើងថា ទោះបីលោកជាកីឡាករគុនខ្មែរក៏ពិតម៉ែន ប៉ុនែ្តលោកក៏មិនសូវយល់ដឹងច្បាស់ពីប្រវត្តិក្បាច់គុណបុរាណខ្មែរនេះផងដែរ ហើយនេះជាឱកាសមួយសម្រាប់លោក ដែលនឹងបានយល់បន្ថែមពីក្បាច់គុណបុរាណខ្មែរ នៅតាមជញ្ជាំងប្រាសាទនីមួយៗ ដែលបុរាណវិទូពន្យល់នឹងបង្ហាញ។
ចំណែកកីឡាការិនី ទូច ចាន់វត្តី បានសម្តែងនូវសេចក្ដីសប្បាយរីករាយដែលបានមកទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៀតពីចម្លាក់ក្បាច់គុនបុរាណខ្មែរ នៅតាមជញ្ជាំប្រាសាទដែលបុរាណវិទូបានពន្យល់ និងយកទៅអនុវត្តផ្ទាល់នៅក្លឹបបន្ទាប់ពីទស្សនកិច្ចនេះបានបញ្ចប់ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់អគ្គនាយកដ្ឋានកីឡា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងឧបត្ថម្ភគាំទ្រដោយសណ្ឋាគារ Memoire Palace Resort & Spa និងភោជនីយដ្ឋានម៉ែឌី ស្ថិតក្នុងខេត្តសៀមរាប៕