(កំពង់ធំ)៖ សមាជិកអចិន្រ្តៃយគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក ខេត្តកំពងធំ លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៉ីណា បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១០ ជាមួយពុទ្ធបរិស័ទ នៅក្នុងវត្តសន្ទុក។
ក្នុងឱកាសបុណ្យដាក់បិណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ជា ចាន់តូ និងលោកស្រី បានចូលបច្ច័យទៅដល់វត្ត្តសន្ទុកក្រៅ កសាងនូវឧបដ្ឋានសាលា របងវត្ត និងជួយឧបត្ថមដល់វត្តធម្មនាថ នូវក្លោងទ្វារមួយ ដែលស្ថិតនៅស្រុកសន្ទុក ហើយនឹងចាប់ផ្ដើមកសាងឡើង បន្ទាប់ពីការបញ្ចុះសីមាព្រះវិហារ នាពេលខាងមុខនេះ។
លោក ជា ចាន់តូ បានថ្លែងថា រាល់សមិទ្ធផលនានា ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ទោះធំឬតូច បើគ្មានការចូលរួមចំណែកពីកម្លាំងសាមគ្គី របស់ប្រជាពលរដ្ឋ គឺមិនអាចសម្រេចបាន
សមិទ្ធផលធំៗដូចសព្វថ្ងៃនេះបានឡើយ ។
លោកបានបន្ដទៀតថា យ៉ាងមិញនៅក្នុងវិស័យព្រះពុទ្ធសាសនាវិញ បើគ្មានការដឹកនាំពីព្រះសង្ឃ និងការចូលរួមវិភាគទាន ប្រកបដោយសុទ្ធាជ្រះថ្លារ ពីប្រជាពុទ្ធបរិស័ទ ព្រមទាំងការផ្ដួចផ្ដើមជាគំនិតណាមួយនោះទេ គឺមិនអាចសម្រេចបានសមិទ្ធផលធំៗ ដូចមាននៅតាមទីអារ៉ាមដូចពេលនេះដែរ។ លោកបន្តថា គ្រប់កាលៈទេសៈ និងរាល់ការអភិវឌ្ឍប្រទេសជាតិ កម្លាំងប្រជាពលរដ្ឋ គឺជាកម្លាំងដ៏ខ្លាំងក្លា និងរឹងមាំបំផុតដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះដែរ លោក ជា ចាន់តូ និងលោកស្រី បានប្រគេនចង្ហាន់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និង បច្ច័យមួយចំនួន ប្រគេនដល់វត្តសន្ទុកក្រៅ និងវត្តធម្មនាថព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃ ព្រមទាំងបានជូនក្រណាត់ស ជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួម នាឱកាសនោះផងដែរ៕