(ស្វាយរៀង)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង និងចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៧ ដែលមន្ទីរពាក់ព័ន្ធបានអនុវត្តកន្លងមក។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រី គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកអនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ លោកអនុប្រធានមន្ទីរឧហ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោប្រធានមន្ទីររ៉ែ និងថាមពល លោកប្រធានមន្ទីរពាណិជ្ជកម្ម លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៧ ដែលបានអនុវត្តកន្លងមក និងធ្វើការពិភាក្សា ជំរុញបន្ថែមលើការងារវិស័យទាំង៧នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាទៅលើតម្រូវការជាក់ស្តែង ក្នុងការចូលរួមអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគផងដែរ៕