(កំពង់ឆ្នាំង)៖ រថយន្តយីឌុប១គ្រឿង ដែលធ្លាប់បានធ្វើសកម្មភាពដឹកកម្ទេចលៀសខុសច្បាប់ ក្នុងរដូវបិទនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការចាប់ឃាត់បានជាញឹកញាប់កន្លងមក បច្ចុប្បន្នទាំងរថយន្ត និងម្ចាស់រថយន្ត ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ។ ចំណែកអ្នកដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនផលអនុផលជលផលដោយខុសច្បាប់ ក៏ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ធ្វើការផាកពិន័យអន្តរកាលទ្វេដង ទៅតាមច្បាប់ស្ដីពីជលផលរួចរាល់ហើយដែរ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីចាប់ឃាត់រថយន្តនេះ ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលជលផល ដោយមិនមានច្បាប់អនុញ្ញាត លោកក៏បានធ្វើការកោះអញ្ជើញម្ចាស់ដឹកកម្ទេចលៀស ដែលជាផលអនុផលជលផល ឲ្យចូលខ្លួនមកធ្វើការដោះស្រាយជាច្រើនសប្តាហ៍កន្លង មកហើយ ទើបតែចូលខ្លួនមកធ្វើការដោះស្រាយរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
បន្ទាប់ពីធ្វើការសាកសួរ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រកឃើញថា ពួកគេពិតជាបានដឹកជញ្ជូនផលអនុផលជលផលដោយមិនមានច្បាប់អនុញ្ញាត ទើបមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សម្រេចធ្វើការផាកពិន័យទ្វេដង គិតជាទឹកប្រាក់ចំនួន ១៥លានរៀល។ ដោយឡែក ពាក់ព័ន្ធនឹងរថយន្តដឹកជញ្ជូនផលអនុផលជល ផលដោយខុសច្បាប់ខាងលើនេះដែរ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្ត ដោយសារតែសមត្ថកិច្ចនគរបាលរកឃើញថា ម្ចាស់រថយន្តមានការពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសារក្លែង។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា រថយន្តនេះពិតជាមានបទល្មើស យោងតាមមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ស្ដីពីការប្រើប្រាស់ឯកសារសាធារណៈក្លែង។ ករណីនេះ លោកក៏បានបន្តនីតិវិធី ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយដែរ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល ដែលចាប់ឃាត់រថយន្តនេះកន្លងមក ចំពោះរថយន្តយីឌុបមួយគ្រឿង ម៉ាកហ៉ីយុនដាយ HYUN DAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0591 ដឹកកម្ទេចលៀស នៅក្នុងរដូវបិទនេសាទ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ធ្វើការចាប់ឃាត់បានចំនួន ៣ដង។ រថយន្តនេះ បានដឹកជញ្ជូនកម្ទេចលៀសចេញពីចំណុចភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដឹកលើកចុងក្រោយត្រូវបានសមត្ថកិច្ចចាប់ឃាត់បានជាលើកទី៣ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលរថយន្តនេះ ធ្វើសកម្មភាពដឹកជញ្ជូនកម្ទេចលៀសខុសច្បាប់ម្ដងទៀត។
ការចាប់លើកទី៣ រថយន្តនេះត្រូវបានគេដោះដូរផ្លាកលេខថ្មី ប៉ុន្តែក្រដាស់បង់ពន្ធផ្លូវ និងក្រដាសឈៀកអាជីវកម្ម និងឯកសារផ្សេងៗដែលបិទនៅកញ្ចក់រថយន្ត សមត្ថកិច្ចរកឃើញថា ជារថយន្តដដែល៕