(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺគ្រុនឈាម និងជំងឺ Zika ដោយបាញ់ថ្នាំមុស នៅក្នុងឃុំកំពង់ត្រាច ស្រុកប្រតិបត្តិ រមាសហែក ខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា កន្លងមកមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបិទខិតប័ណ្ណ នៅតាមរថយន្តរដ្ឋរបស់មន្ទីរសុខាភិបាល តាមរថយន្តសង្គ្រោះ តាមទីកន្លែងធ្វើការ មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌលសុខភាព និងនៅមាត់ច្រកអន្តរជាតិបាវិត និងបានចែកខិតប័ណ្ណអប់រំអំពីជំងឺ ZIKA ដល់គ្រប់អ្នកដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា យុទ្ធនាការនេះ នឹងធ្វើបន្ត នៅក្រុងស្វាយរៀង និងស្រុកក្រុងមួយចំនួនទៀត។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា សំណូមពរ សូមឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នសូមកុំឲ្យមុសខាំ សំរានត្រូវចងមុង អនាម័យក្នុ្ងង និងជុំវិញផ្ទះ រស់នៅស្អាត ហូបស្អាត ជាពិសេសក្នុងរដូវភ្ជុំបិណ្ឌនេះ៕