(កណ្ដាល)៖ មន្រ្តីជំនាញរដ្ឋបាលជលផលខេត្តកណ្តាល និងគណៈបញ្ជាការឯកភាពស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្រោយឆ្មក់ចាប់បាននៅតាមដងទន្លេ តាមព្រែក និងបឹងនានា ស្ថិតនៅក្នុងទឹកដីស្រុកបញ្ញាឮ ខេត្តកណ្តាល។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចាត់វិធានការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅរដូវបិទនេសាទនៅទូទាំងប្រទេស និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាលនោះ នៅថ្ងៃទី២៦ ខែសីហា មន្រ្តីជំនាញរបស់លោក បានសហការគ្នាជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក និងលោក ថោ ឡូ នាយអធិការដ្ឋាន ជលផលចតុមុខបានចុះប្រតិបត្តិការទ្រង់ទ្រាយធំជាលើកទីពីរ ហើយបានរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើនមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែងដែលបានចុះប្រតិបត្តិការនេះតែម្តង។
លោកបានបញ្ជាក់ថា ក្រោយប្រតិបត្តិការក្រុមសមត្ថកិច្ចចម្រុះរឹបអូសស្បៃមុខ ទាំងក្រឡាតូច និងក្រឡាធំរាប់ពាន់ម៉ែត្រ បង្គោលឈើ និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត។ លោកបន្ថែមទៀតថា ជាមួយនឹងការរឹបអូសនូវឧបករណ៍ខុសច្បាប់ទាំងនោះ យកទៅដុតបំផ្លាញចោលហើយ ក្រុមប្រតិបត្តិការក៏បានធ្វើការប្រលែងកូនត្រីតូចៗរាប់រយគីឡូទៅក្នុងទន្លេ និងបឹងវិញផងដែរ។
លោក ហេង សុភារិទ្ធ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបនេះ គឺមិនមែនធ្វើតែមួយថ្ងៃនោះទេ ពោលគឺនឹងធ្វើឲ្យដូចជាភ្លៀងរលឹម ដើម្បីអភិរក្សពូជត្រី ជាពិសេសគឺពេលរដូវបិទនេសាទនេះតែម្តង។
លោកបន្តថា អាជ្ញាធរនឹងគ្មានការលើកលែង និងអត់ឱនឲ្យទៀតនោះឡើយ ប្រសិនបើពេលចុះប្រតិបត្តិការឃើញនូវបទល្មើសនេសាទទាំងនោះ ហើយក្នុងនាមលោកជានាយខណ្ឌរដ្ឋបាល លោកក៏សូមអំពាវនាវបងប្អូនប្រជានេសាទទាំងអស់ មេត្តាជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់នេះឲ្យអស់ ដើម្បីផលប្រយោជន៍រួមទាំអស់គ្នានោះ៕