(បាត់ដំបង)៖ កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ។ បទល្មើសនានាមានការថយចុះ ជាពិសេសគ្រោះថ្នាក់ចរាចរ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ តាមរយៈសកម្មភាពនៃការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងមានការសហការយ៉ាងជិតស្និទ្ធ និងមានទំនាក់ទំនងល្អជាមួយគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងស្របតាមសេចក្តីជូនដំណឹងលេខ១៧០០សជណ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើបច្ចុប្បន្នភាពអំពីអាជីវ កម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំបន្ថែមដល់រដ្ឋបាលក្រុង ស្រុកទាំង ១៤ កងកម្លាំងទាំង៣ប្រភេទ និងស្ថាប័ន តុលាការ ដើម្បីធ្វើការផ្សព្វផ្សាយ និងណែនាំ ព្រមទាំងចុះស្រង់ ទិន្នន័យទីតាំងបើកអាជីវកម្មល្បែងស៊ីសងអនឡាញគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
គិតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ តាមការចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពរួចមក បានរកឃើញថា មានចំនួន៩ក្រុមហ៊ុន និងមាន៣២៦ទីតាំង ដែលបានបើកអាជីវកម្មល្បែងស៊ីសងអនឡាញ ក្នុងនោះ មានតែ២ទីតាំងប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណសាខា។ ប៉ុន្តែអាជីវកម្មល្បែងស៊ីសងអនឡាញខុសច្បាប់ទាំងអស់ ត្រូវបានបិទទាំងស្រុងចំនួន៣២៤ទីតាំង។ បច្ចុប្បន្ននេះមានអាជីវកម្មល្បែងស៊ីសងអនឡាញ ដែលមានអាជ្ញាបណ្ណ សាខាចំនួន១ទីតាំង នៅបន្តដំណើរការអាជីវកម្ម គឺក្រុមហ៊ុនឌ្រីម វីនខបភើរេសិន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង១ទីតាំង ទៀតបានបិទដំណើរការហើយ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏មានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្តបន្ត និងត្រូវខិតខំព្យាយាមដោះស្រាយនូវបញ្ហាប្រឈមនានា ឲ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនថែមទៀត។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំប្រទេស ពិសេសនៅភូមិសាស្ត្រខេត្តបាត់ដំបង ព្រមទាំងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចុះធ្វើបច្ចុប្បន្នភាពក្នុងខេត្ត និងធ្វើការបិទទាំងស្រុងរាល់ល្បែងខុសច្បាប់ទាំងអស់។
នាយឧត្តមសេនីយ៍ បានបន្តថា យើងមិនធ្វើតែរាល់ល្បែងខុសច្បាប់នោះទេ គឺត្រូវរួមគ្នាបង្រ្កាប បទល្មើសផ្សេងទៀតដូចជា អ្នកចែកចាយគ្រឿងញៀន ក្មេងទំនើង ត្រូវដាក់ទោសឲ្យធ្ងន់បំផុត ដោយអនុវត្តតាមពាក្យស្លោកថា ៣កុំ ១រាយការណ៍គឺ ១៖កុំពាក់ព័ន្ធ ២៖កុំអន្តរាគមន៍ ៣៖កុំបន្ធូបន្ថយទោស (ជាសមត្ថកិច្ចតុលាការ) និង១ បើឃើញបទល្មើសហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វិធានការយើងបង្រ្កាបឲ្យប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើស ជាដាច់ខាតទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា ធ្វើឲ្យគោលនយោបាយភូមិ សង្កាត់ មានសមត្ថភាព ផងដែរ៕