(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់នៅក្រុងបាវិត រួចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់គ្រឿងញៀននេះ មានការសម្របសម្រួលផ្ទាល់ពីលោកឡម ពេង ស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៧នាក់ ស្រី០១នាក់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន៖

*ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៨២,៥១ក្រាម
*ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៩៤,៤៤ក្រាម
*ថ្នាំញៀនប្រភេទអ៊ិចស្តារស៊ីទម្ងន់៣៤៥,០៧ក្រាម។ សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២,០២ក្រាម។
*អាយផេត១គ្រឿង
*ជញ្ជីងថ្លឹងថ្នាំញៀន៥គ្រឿង
*ទូរសព្ទដៃ១៤គ្រឿង
*ម៉ូតូ៥គ្រឿង
*លិខិតឆ្លងដែន៦ក្បាល ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕